រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Pfizer បានប្រកាសថា ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិកមួយនេះ បានបង្កើតថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ អាចកាត់បន្ថយហានិភ័យ រហូតដល់៨៩ភាគរយ។

សារព័ត៌មាន The Jerusalem Post បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Albert Bourla នាយកប្រតិបត្ដិ ក្រុមហ៊ុនឱសថ Pfizer បានបញ្ជាក់ថា ក្រុមហ៊ុន Pfizer របស់លោក គ្រោងនឹងដាក់ឯកសារស្នើទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថ ហៅកាត់ « FDA » របស់សហរដ្ឋអាមេរិក ដើម្បីសុំឲ្យអនុម័តប្រើប្រាស់នូវថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩។ ថ្នាំលេប ឈ្មោះ « Paxlovid » នេះ អាចកាត់បន្ថយហានិភ័យ បាន៨៩ភាគរយ សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ដែលវិវឌ្ឍទៅរកជំងឺធ្ងន់ធ្ងរ។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ថ្នាំគ្រាប់លេប Paxlovidរបស់ក្រុមហ៊ុន Pfizer Inc ត្រូវបានបង្ហាញថា ថ្នាំលេបអាចកាត់បន្ថយហានិភ័យ រហូតដល់៨៩ភាគរយ នៅក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ឬការស្លា.ប់ សម្រាប់មនុស្សពេញវ័យ ដែលបានឆ្លងកូវីដ-១៩ ហើយវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ។ ថ្នាំលេប« Paxlovid » នេះ សង្ឃឹមថា នឹងទទួលបានការយល់ព្រមឲ្យប្រើប្រាស់ ពី FDA នៅចុងឆ្នាំនេះ។

លោក ចូ បៃដិន ប្រធានាធិបតី បានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធានាដល់ឱសថរាប់លានដូសរបស់ក្រុមហ៊ុន Pfizer ។ ប៉ុន្ដែប្រសិនបើថ្នាំលេប Paxlovid នេះ ត្រូវបានទទួលស្គាល់ ដោយ FDA របស់សហរដ្ឋអាមេរិកនោះ យើងនឹងមានថ្នាំគ្រាប់ ក្នុងពេលដ៏ឆាប់ៗនេះ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ដល់អ្នកឆ្លងកូវីដ-១៩។ ចំណែកការព្យាបាល អាចក្លាយជាឧបករណ៍មួយ នៅក្នុងដៃរបស់យើង ដើម្បីការពារពលរដ្ឋ ពីលទ្ធផលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩»៕ រក្សាសិទ្ធិដោយ ៖ សារាយSN



















