បរទេស ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានព្រមានជាថ្មី ពីការផ្ទុះឡើងវិញនូវរោគរាតត្បាត នៅទូទាំងទ្វីបនេះ។
សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Hans Kluge ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅតំបន់អឺរ៉ុប បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានថា នៅទូទាំងតំបន់អឺរ៉ុប អាចនឹងមានមនុស្សស្លាប់ កើនដល់ប្រហែលកន្លះលាននាក់បន្ថែមទៀត នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏បានស្ដីបន្ទោស ចំពោះការកង្វះខាតវ៉ាក់សាំងបង្ការកូវីដ-១៩ នឹងនាំឲ្យជំងឺឆ្លងដ៏កាចសាហាវនេះកើនឡើង។
លោកវេជ្ជបណ្ឌិត Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប បានបន្ថែមថា «យើងត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់យើង សម្រាប់ការប្រតិកម្មទៅនឹងការកើនឡើង នៃជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់តាំងពីដំបូង កុំឲ្យវាការកើនឡើង»។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Hans Kluge បានស្ដីបន្ទោសដល់ការបន្ធូរបន្ថយវិធានការសុខាភិបាលសាធារណៈ នឹងនាំឲ្យមានការឆ្លងកើនឡើង នៅក្នុងតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក ដែលគ្របដណ្ដប់លើប្រទេសចំនួន៥៣ ដោយរួមទាំងផ្នែកជាច្រើន នៃតំបន់អាស៊ីកណ្ដាល។ រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក បានកត់ត្រាចំនួនអ្នកស្លាប់កើនដល់ជាង១,៤លាននាក់ នៅទូទាំងតំបន់នេះ។

អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតែមានការយឺតយ៉ាវ នៅទូទាំងទ្វីបអឺរ៉ុប នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ចំណែកពលរដ្ឋ ប្រហែល៨០ភាគរយ នៅក្នុងប្រទេសអេស្ប៉ាញ បានចាក់វ៉ាក់សាំងចំនួន២ដូស ដែលចំនួនទាបជាងនេះ គឺនៅក្នុងប្រទេសបារាំង ទើបតែចាក់បាន៦៨ភាគរយ និង អាល្លឺម៉ង់ ចាក់បានតែ៦៦ភាគរយ។ ដោយឡែក ចំនួនពលរដ្ឋ នៅក្នុងតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត នៅតែចាក់វ៉ាក់សាំង បានអត្រាទាបបំផុត។ រីឯពលរដ្ឋរុស្ស៊ីវិញ បើគិតត្រឹមខែតុលា ឆ្នាំ២០២១ ទើបតែចាក់វ៉ាក់សាំង បានត្រឹម៣២ភាគរយប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








