រដ្ឋធានីតៃប៉ិ ៖ បច្ចុប្បន្ននេះ ស្ថានការណ៍នយោបាយ រវាងកោះតៃវ៉ាន់ និង ចិនប៉េកាំង កំពុងតែឡើងកម្ដៅកាន់តែខ្លាំងឡើង ធ្វើឲ្យមានការព្រួយបារម្ភ អំពីសង្គ្រាមផ្ទុះឡើង ប៉ុន្ដែប្រធានសន្ដិសុខជាតិតៃវ៉ាន់ បែរជាចេញមុខមកអះអាង ប្រាប់ដល់សភាតៃវ៉ាន់ថា ចិននឹងមិនហ៊ានវា.យដណ្ដើមកោះដុងសា (Dongsha) នៅក្នុងអាណត្ដិរបស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នោះទេ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា បើតាមអគ្គនាយកការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ (NSB) បានបញ្ជាក់ប្រាប់សភាតៃវ៉ាន់ នៅថ្ងៃទី៤ ខែវិច្ឆិកា ថា ចិននឹងមិនវាយលុកកាន់កាប់កោះ Dongsha នៅក្នុងអាណត្ដិរបស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នៅជាប្រធានាធិបតីតៃវ៉ាន់នោះឡើយ។
កោះ Dongsha ជាផ្នែកមួយ នៃស្រុក Qijin ទីក្រុង Kaohsiung មានចម្ងាយ៤៥០គីឡូម៉ែត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់។ ប៉ុន្ដែទោះជាយ៉ាងណា ចិនតែងតែបញ្ជូនយន្ដហោះយោធាជាច្រើនគ្រឿង ហោះរំលោភចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ រហូតនាំឱ្យមានការព្រួយបារម្ភថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងរៀបចំការវាយប្រហារទៅលើដែន Dongsha ខណៈជម្លោះបានកើនឡើង នៅក្នុងតំបន់ រវាងតៃវ៉ាន់ និងកោះមានជម្លោះ។
លោក Chen Ming-tong អគ្គនាយកការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ (NSB) បានប្រាប់តំណាងរាស្រ្ដ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា មានការពិភាក្សាដេញដោលជាច្រើន អំពីការវាយប្រហារទៅលើកោះ Dongsha បង្កឡើងដោយចិន។ ប៉ុន្ដែករណីនេះ នឹងមិនកើតឡើង នៅក្នុងអាណត្ដិប្រធានាធិបតីរបស់លោកស្រី សៃ អ៊ីងវ៉ិន។ អាណត្ដិទី២របស់លោកស្រី នឹងបញ្ចប់ រហូតដល់ខែឧសភា ឆ្នាំ២០២៤។

លោក Chen Ming-tong អគ្គនាយកការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ បានបញ្ជាក់ថា សេណារីយូជាច្រើន អាចនឹងកើតឡើង រួមមាន ចិននឹងវាយប្រហារកាន់កាប់ នៅកោះឆ្ងាយៗ ដើម្បីបង្ខំឲ្យតៃវ៉ាន់ ចរចា ឬចិនបាញ់ប្រហារបិទច្រក ។ ប៉ុន្ដែទោះជាយ៉ាងណា ការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ ហៅកាត់ « NSB» បានសន្និដ្ឋានថា សកម្មភាពវាយប្រហាររបស់ចិន ទំនងជាមិនអាចកើតឡើង នៅក្នុងអាណត្ដិប្រធានាធិបតីរបស់លោកស្រី Tsai នោះឡើយ។
លោក Chen Ming-tong អគ្គនាយកការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ បានទទួលស្គាល់ថា ភាពតានតឹង រវាងតៃវ៉ាន់ និងចិន កំពុងតែកើនកម្ដៅ កាន់តែខ្លាំងឡើងជាងពេលមុនៗ។ ប៉ុន្ដែភាពតានតឹងនេះ នៅមិនទាន់ដល់កម្រិតមួយ ដែលនឹងជំរុញឲ្យចិន ប្រើប្រាស់កម្លាំងយោធាវាយប្រហារមកលើកោះតៃវ៉ាន់នោះដែរ៕រក្សាសិទ្ធិដោយ ៖សារាយSN









