Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាអឺរ៉ុប ប្រាប់ប្រធានាធិបតីសៃ អ៊ីងវ៉ិន៖ តៃវ៉ាន់មិននៅឯកោទេ

រដ្ឋធានីតៃប៉ិ ៖ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីចិននោះ គណៈប្រតិភូសភាអឺរ៉ុប កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានទៅបំពេញទស្សនកិច្ចជាលើកដំបូង រយៈពេល៣ថ្ងៃ ដើម្បីលើកទឹកចិត្តដល់មេដឹកនាំកោះតៃវ៉ាន់ ឲ្យមានភាពក្លាហាន ទប់ទល់នឹងចិន។

បើតាមសារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា គណៈប្រតិភូសភាអឺរ៉ុប បានបញ្ជាក់ពីជំហររបស់ខ្លួនប្រាប់ដល់ប្រមុខរដ្ឋាភិបាលទីក្រុងតៃប៉ិ ថា តៃវ៉ាន់មិនមែននៅឯកោនោះទេ។ សហភាពអឺរ៉ុប នឹងលើកទឹកចិត្តដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ ត្រូវតែក្លាហានបន្ថែមទៀត ដើម្បីពង្រឹងចំណងទាក់ទង រវាងអឺរ៉ុប និងតៃវ៉ាន់ ចំពេលរដ្ឋាភិបាលទីក្រុងតៃប៉ិ កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ពីចិន។

លោក Raphael Glucksmann ជាសមាជិកសភាអឺរ៉ុបរបស់បារាំង បានថ្លែងទៅកាន់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ថា «ពួកយើងបានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីនេះ ក៏ជាសារមួយបង្ហាញយ៉ាងច្បាស់ថា តៃវ៉ាន់មិនមែននៅឯកោទេ… អឺរ៉ុបកំពុងនៅជាមួយនឹងពលរដ្ឋតៃវ៉ាន់»។

លោក Raphael Glucksmann បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់គណៈប្រតិភូសភាអឺរ៉ុប ក៏ជាការបោះជំហានដ៏សំខាន់មួយ ដើម្បីរួមគ្នាកសាងភាពជាដៃគូ ឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសហភាពអឺរ៉ុប និងដែនកោះតៃវ៉ាន់។

គណៈប្រតិភូសភាអឺរ៉ុប បានមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅលើដែនកោះតៃវ៉ាន់នេះ បានចាប់ផ្តើម កាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ បានកើតឡើង ចំពេលចិនបានបង្កើនសកម្មភាពយោធា កាន់តែញឹកញាប់ នៅក្បែរកោះតៃវ៉ាន់ ជាពិសេស តាមរយៈការចល័តក្រុមយន្តហោះយោធា ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×