រាជធានីឡុងដ៍ ៖ កំពូលមហាសេដ្ឋីលេខ១ នៅលើពិភពលោករបស់សហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមមេដឹកនាំ ជាង១០០ប្រទេស ដែលមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីអាកាសធាតុ នៅទីក្រុង Glasgow ស្កុតឡែនដ៍ ចក្រភព ដោយសន្យា នឹងផ្ដល់លុយ ចំនួន២ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារធម្មជាតិឡើងវិញ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កំពូលមហាសេដ្ឋីលេខ១របស់ពិភពលោក លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបញ្ជាក់ថា មូលនិធិភពផែនដីបេហ្ស៊ូស (Bezos Earth Fund) របស់លោក នឹងចំណាយលុយ ចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សា្ដរបរិស្ថានធម្មជាតិឡើងវិញ និង ការផ្លាស់ប្ដូរប្រព័ន្ធចំណីអាហារ។
លោក Jeff Bezos មហាសេដ្ឋីអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន ស្ដីពីអាកាសធាតុ COP26 នៅក្នុងទីក្រុង Glasgow ថា លោកបានយល់ដឹងកាន់តែស៊ីជម្រៅ អំពីភាពផុយស្រួយរបស់ធម្មជាតិ ខណៈលោកបានធ្វើដំណើរទៅកាន់ទីអវកាស។ ចំណែកមូលនិធិភពផែនដីបេហ្ស៊ូរបស់លោក គ្រោងនឹងចំណាយថវិកា ចំនួន១០ពាន់លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបន្ថែមទៀត។ បច្ចុប្បន្ន ផ្នែកជាច្រើន នៃពិភពលោក ធម្មជាតិ កំពុងផ្លាស់ប្តូរ ពីកន្លែងលិចកាបូន ទៅជាប្រភពកាបូន។
សហគ្រិនជាច្រើន រួមទាំង មហាសេដ្ឋីរបស់សហរដ្ឋអាមេរិក លោក Bezos បានរងនូវការរិះគន់យ៉ាងខ្លាំង ចំពោះការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធប់ សម្រាប់ការធ្វើដំណើរទៅកាន់ទីអវកាស ដោយមិនបានដោះស្រាយបញ្ហានានា នៅលើភពផែនដី។ ចំណែកក្រុមហ៊ុន Amazon ក៏បានរងការរិះគន់ពីបុគ្គលិករបស់ខ្លួន ជុំវិញការអនុវត្ដបរិស្ថានផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










