Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្ដិមនុស្សធម៌ និងការដួលរលំសេដ្ឋកិច្ច នៅអាហ្វហ្គានីស្ថាន ជំរុញឲ្យចំនួនអ្នកលក់កូនស្រីជាអនីតិជន កើនឡើងកាន់តែច្រើន

រដ្ឋធានីកាប៊ូល៖ ការដួលរលំសេដ្ឋកិច្ច នៅអាហ្វហ្គានីស្ថាន ក្រោយពេលពួកតាលីបង់បានដណ្ដើមកាន់កាប់អំណាចសាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នោះមក វិបត្ដិមនុស្សធម៌ នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរឡើង ហើយពលរដ្ឋអត់ការងារធ្វើ និងអត់ស្បៀងអាហារ រហូតធ្វើឲ្យចំនួនអ្នកលក់កូនស្រី មានអាយុចន្លោះពី៨ឆ្នាំ ដល់ក្រោម១៥ឆ្នាំ កើនឡើងកាន់តែច្រើន ដែលមើលទៅគួរឲ្យខ្លាចផ្សាក្នុងចិត្តបំផុត។

សារព័ត៌មាន CNN បានផ្សាយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្មេងស្រី Parwana Malik ទើបនឹងមានអាយុ៩ឆ្នាំ ជាមួយនឹងភ្នែកពណ៌ខ្មៅក្រឡង់ ថ្ពាល់ក្រហមគួរឲ្យស្រឡាញ់ ខណៈកំពុងតែលេងលោតអន្ទាក់ខ្សែពួជាមួយនឹងក្មេងស្រីៗ ដែលមិត្តភក្ដិដូចគ្នាយ៉ាងសប្បាយ។ ប៉ុន្ដែបន្ដិចក្រោយមក សំណើចរបស់នាងក៏បានរលាយបាត់បន្ដិចម្ដងៗ បន្ទាប់នាងបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ចំណែកផ្ទះរបស់នាង គ្រាន់តែខ្ទមបែកបាក់មួយ នៅក្នុងជំរំជនភៀសខ្លួន នាភាគពាយព្យ ប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែក្មេងស្រីរូបនេះ មិនបានដឹង អំពីជោគវាសនារបស់នាង ថា នាងត្រូវបានឪពុកម្ដាយ លក់ទៅឲ្យបុរសចម្លែកម្នាក់ ដើម្បីយកទៅធ្វើជាប្រពន្ធនោះឡើយ។

បុរសដែលចង់ទិញ Parwana Malik និយាយថា គាត់មានអាយុ៥៥ឆ្នាំ ប៉ុន្តែសម្រាប់នាង គាត់គឺជា «បុរសចំណាស់» ដោយមានចិញ្ចើមស និង ពុកចង្ការពណ៌សក្រាស់។ ក្មេងស្រីខាងលើ បានប្រាប់ CNN កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា នាងបារម្ភថា គាត់នឹងវា.យធ្វើបាបនាង ហើយបង្ខំនាងឱ្យធ្វើការច្រើន នៅក្នុងផ្ទះ។

ដោយឡែក ឪពុកម្ដាយរបស់ក្មេងស្រី Parwana Malik បានបញ្ជាក់ថា ពួកគេគ្មានជម្រើសអ្វីក្រៅពីការធ្វើបែបនេះ។ អស់រយៈពេល៤ឆ្នាំមកហើយ គ្រួសាររបស់គាត់ បានរស់នៅក្នុងជំរំជនភៀសខ្លួន នៅខេត្ត Badghis នាភាគពាយ័ព្យ ប្រទេសអាហ្វហ្គានីស្ថាន។ ការរស់រានមានជីវិតនៅទីនេះ ក៏ដោយសារតែជំនួយមនុស្សធម៌ គួបផ្សំនឹងការងាររបស់បុរស ដែលជាអ្នករកបានប្រាក់ ចន្លោះពីពីរ-បីដុល្លារ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែជីវិតរបស់ពួកគាត់ កាន់តែលំបាកខ្លាំងឡើង ចាប់តាំងពីពួកតាលីបង់ បានវាយដណ្ដើម កាន់អំណាចសាជាថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ឪពុកម្ដាយរបស់ក្មេងស្រី Parwana Malik បានបន្ដថា ការក្សត់ជំនួយ និងការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ធ្វើឲ្យពួកគាត់ មិនអាចមានលទ្ធភាព ទិញសម្ភារចាំបាច់ ដូចជា អាហារ ដើម្បីទទួលទានបានឡើយ។ ដោយសារតែការអត់ឃ្លានបែបនេះ ទើបពួកគាត់បានសម្រេចចិត្តលក់កូនស្រីអាយុ១២ឆ្នាំ ជាបងរបស់កូនស្រី Parwana Malik ទៅឲ្យបុរសចំណាស់ម្នាក់ កាលពីប៉ុន្មានខែមុន ។

កុមារី Parwana Malik ក្លាយជាក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រីអាហ្វហ្គានីស្ថាន រាប់សិបនាក់ ត្រូវបានឪពុកម្ដាយលក់ ដើម្បីរៀបការជាមួយនឹងបុរសវ័យចំណាស់។ បញ្ហាដ៏អាក្រក់បែបនេះ ក៏ដោយសារតែវិបត្ដិមនុស្សធម៌ នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ បានធ្លាក់ដុនដាបកាន់តែខ្លាំងបំផុត។ គ្រោះអត់ឃ្លានកំពុងតែជំរុញឲ្យគ្រួសារក្រីក្ររបស់អាហ្វហ្គានីស្ថានមួយចំនួន សម្រេចចិត្តដ៏គួរឱ្យសោកស្ដាយ ជាពិសេស នៅពេលរដូវរងារខ្លាំង ខិតជិតមកដល់។

លោក Mohammad Naiem Nazem សកម្មជនសិទ្ធិមនុស្ស នៅក្នុងខេត្ត Badghis នាភាគពាយព្យ ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួន នៃគ្រួសារដែលលក់កូនស្រីរបស់ពួកគេ នឹងកើនឡើង។ ការអត់អាហារ និងការអត់ការងារធ្វើ កំពុងតែជំរុញឲ្យគ្រួសារក្រីក្រជាច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានអារម្មណ៍ថា ពួកគេ ត្រូវតែធ្វើបែបនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×