បរទេស ៖ ស្របពេលក្រុមមេដឹកនាំ G20 បានជួបប្រជុំគ្នាពិភាក្សា អំពីគម្រោងនានា ដើម្បីការពារប្រឆាំងនឹងរោគរាតត្បាត នាពេលអនាគតនោះ ក្រុមមន្រ្ដីជំនាញសុខាភិបាល និងសកម្មជន បានសម្ដែង អំពីការព្រួយបារម្ភថា បណ្ដាប្រទេសអ្នកមានបំផុត នៅលើពិភពលោក នៅតែមិនទាន់ធ្វើឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយដល់មនុស្សជាតិ នៅក្នុងប្រទេសក្រីក្រ ឲ្យរួចផុតពីជំងឺរាតត្បាតបច្ចុប្បន្ន។

សារព័ត៌មាន The Nation Thailand បានចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមប្រទេស G20 ប្រឈមនឹងសម្ពាធ ដែលកំពុងតែកើនឡើង ចំពោះការផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានច្រើនបន្ថែមទៀត សម្រាប់ផ្ដល់ទៅដល់ប្រទេសក្រីក្រ។
ក្រុមទីប្រឹក្សា ត្រូវបានដកស្រង់សម្តី យកមកចុះផ្សាយថា លោក ចូ បៃដិន ( Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានសន្យាថា នឹងធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជា «ឃ្លាំងស្ដុកវ៉ាក់សាំង» នឹងមិនប្រកាស អំពីផែនការជាក់ស្តែង ទាក់ទងនឹងការបិទគម្លាត រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ទៅលើអត្រាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

ដោយឡែក អង្គការសុខភាពពិភពលោក ហៅកាត់ «WHO» បានបញ្ជាក់ នៅក្នុងលិខិតចំហមួយ ផ្ញើជូនដល់ក្រុមមេដឹកនាំ G20 ថា គម្លាតសមធម៌ នៃវ៉ាក់សាំងកូវីដ-១៩បច្ចុប្បន្ន រវាងប្រទេសអ្នកមាន និងប្រទេសមានធនធានទាប បង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះជីវិតរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុតរបស់ពិភពលោក។
បើតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា គ្រប់មនុស្ស១០០នាក់ នៅក្នុងប្រទេសមានចំណូលខ្ពស់ មានវ៉ាក់សាំងកូវីដ-១៩ រហូតដល់១៣៣ដូស ខណៈនៅក្នុងប្រទេសមានប្រាក់ចំណូលទាប មានត្រឹមតែ៤ដូស សម្រាប់មនុស្ស១០០នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN







