បរទេស ៖ មេដឹកនាំ មកពីប្រទេសជាង១០០ នៅលើពិភពលោក បានចូលរួម នៅក្នុងកិច្ចព្រមព្រៀងដ៏ធំជាលើកដំបូង នៃកិច្ចប្រជុំកំពូល ស្ដីពីអាកាសធាតុ COP26 នៅក្នុងទីក្រុង Glasgow ស្កុតឡែនដ៍ ចក្រភពរួម (Britain) រយៈពេល២សប្ដាហ៍នេះ ហើយបានព្រមព្រៀងគ្នា បញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងឆ្នាំ២០៣០ ដើម្បីទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា មេដឹកនាំជាង១០០ប្រទេស បានសន្យាបញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅត្រឹមឆ្នាំ២០៣០។ ប្រេស៊ីល ជាផ្នែកមួយដ៏ធំ នៃព្រៃឈើអាម៉ាហ្សូន ត្រូវបានកាប់បំផ្លាញ ហើយក៏ស្ថិតក្នុងចំណោមប្រទេសជាហត្ថលេខី នៅថ្ងៃ អង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការសន្យានេះ ដោយរួមបញ្ចូនទាំងមូលនិធិសាធារណៈ និងឯកជន មានទំហំទឹកប្រាក់ ចំនួន១៩,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមមន្រ្ដីជំនាញបានស្វាគមន៍ ចំពោះសកម្មភាពរបស់មេដឹកនាំពិភពលោក នៅក្នុងការលុបបំបាត់ការកាប់បំផ្លិចបំផ្លាញព្រៃឈើ ព្រោះវាបានបង្កឲ្យការប្រែប្រួលអាកាសធាតុ ហើយនាំឲ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា កិច្ចព្រមព្រៀងដំបូង នៅក្នុងអំឡុងឆ្នាំ២០១៤ បានខកខាត ក្នុងការបន្ថយការកាប់បំផ្លាញព្រៃឈើ ហើយការប្តេជ្ញាចិត្តចាំបាច់ ត្រូវតែធ្វើឲ្យបានម៉ឺងម៉ាត់។
រដ្ឋាភិបាល នៃប្រទេសចំនួន២៨ ក៏នឹងប្តេជ្ញាដកការកាប់បំផ្លាញព្រៃឈើ ចេញពីការធ្វើពាណិជ្ជកម្មចំណីអាហារ និងផលិតផលកសិកម្មផ្សេងៗទៀតរបស់ពិភពលោក ដូចជាចម្ការដូងប្រេង ចម្ការសណ្តែកសៀង និងកាកាវ…ជាដើម។ ឧស្សាហកម្មទាំងនេះ ជំរុញឱ្យមានការបាត់បង់ព្រៃឈើ ដោយសារការកាប់ដើមឈើ ដើម្បីធ្វើកន្លែង សម្រាប់ចិញ្ចឹមសត្វពាហនៈ ឬដំណាំដាំដុះ។ ចំណែកក្រុមហ៊ុនធំៗជាង៣០របស់ពិភពលោក នឹងអនុម័តបញ្ចប់នូវការវិនិយោគ នៅក្នុងសកម្មភាពនានា ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ ការកាប់បំផ្លាញព្រៃឈើ នាំឲ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ព្រោះវាបានបំផ្លាញព្រៃឈើ ដែលជាអ្នកស្រូបយកឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់របស់ពិភពលោក។

មេដឹកនាំ នៃប្រទេសជាច្រើន បានអះអាងថា ពួកគេនឹងចុះហត្ថលេខាង លើកិច្ចសន្យានេះ ដោយមានទាំង កាណាដា ប្រេស៊ីល រុស្ស៊ី និងឥណ្ឌូនេស៊ី។ ប្រទេសទាំងនេះ បានគ្របដណ្ដប់ចំនួន៨៥ភាគរយ នៃព្រៃឈើរបស់ពិភពលោក។ មូលនិធិមួយចំនួន នឹងត្រូវផ្ដល់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដើម្បីស្ដារឡើងវិញនូវផ្ទៃដី ដែលរងការខូចខាត ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងគាំទ្រដល់សហគមន៍ជនជាតិភាគតិច៕រក្សាសិទ្ធិដោយ ៖ សារាយSN














