រាជធានីបាងកក ៖ ប៉ូលិសថៃ បានកោះហៅនាយកមន្ទីរពេទ្យឯកជនបាងកក ជុំវិញការជាប់ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ពីការរត់ពន្ធថ្នាំលេប សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
សារព័ត៌មាន The Nation Thailand បានចេញផ្សាយថា ប៉ូលិសបានប្រកាស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ប្រធានមន្ទីរពេទ្យឯកជនបាងកក ត្រូវបានប៉ូលិសចេញដីកាកោះហៅឱ្យចូលខ្លួន នៅថ្ងៃទី៤ ខែវិច្ឆិកា ដើម្បីសាកសួរ អំពីការចោទប្រកាន់ ពីបទរត់ពន្ធថ្នាំលេប សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ «Favipiravir» និងការដាក់លក់ថ្នាំគ្រាប់នេះ នៅតាមបណ្ដាញអ៊ីនធើរណិត។
ក្រុមការងារជំនាញ មកពីនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (ហៅកាត់ CPPD) និងតំណាងក្រសួងសុខភាពសាធារណៈថៃ បានប្រាប់ដល់សារព័ត៌មាន កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ថា ស្ថាប័នជំនាញបានទទួលព័ត៌មានជំនួយ ពីអ្នកគ្រប់គ្រង ក្នុងមន្ទីរពេទ្យ នៅខណ្ឌ Bang Kapi រាជធានីបាងកក។ ជាមួយនឹងដីកានេះ មន្រ្ដីជំនាញបានឆែកឆេរមន្ទីរពេទ្យឯកជននោះ ហើយរកឃើញវិក្កយបត្របញ្ជាទិញថ្នាំគ្រាប់ Favipiravir តាមរយៈមន្ទីរពេទ្យ ដោយមិនមានកំណត់ត្រា អំពីចំនួនអ្នកជំងឺកូវីដ-១៩។

នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (ហៅកាត់ CPPD) បានបញ្ជាក់ថា ករណីនេះ ជាផ្នែកមួយ នៃការស៊ើបអង្កេតបន្ថែម ក្រោយពេលប៉ូលិសបានចាប់ខ្លួនជនសង័្សយជាក់ស្ដែង ចំនួន៩នាក់ពាក់ព័ន្ធនឹងការលក់ថ្នាំលេប Favipiravir នៅតាមបណ្ដាញសង្គម ចំនួន៥លើក។ ក្រៅពីការឃាត់ខ្លួននោះ ប៉ូលិសក៏បានរឹបអូសថ្នាំ Favipiravir ចំនួន៣៩០ប្រអប់ផងដែរ។ ការឃាត់ជនសង័្សយទាំងនោះ បាននាំឲ្យមានការតាមដាន រហូតទៅកាន់មន្ទីរពេទ្យ ដើម្បីសាកសួរអំពីករណីនេះ។
នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (ហៅកាត់ CPPD) បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយជំរុញឲ្យពលរដ្ឋ ត្រូវទិញតែផលិតផលពាក់ព័ន្ធនឹងកូវីដ ពីឳសថស្ថាន ដែលមានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ព្រោះការប្រើប្រាស់ថ្នាំ មិនត្រឹមត្រូវ អាចនាំឱ្យឆ្លងមេរោគធន់នឹងថ្នាំ ជាហេតុនាំឲ្យគ្រោះថ្នាក់។ ជាមួយគ្នា ប៉ូលិសថៃ ក៏បានលើកទឹកចិត្តដល់ប្រជាជន ចំពោះការរាយការណ៍ អំពីការរត់ពន្ធថ្នាំព្យាបាលកូវីដ តាមរយៈលេខទូរស័ព្ទរបស់នាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) Hotline 1135 ឬតាមរយៈទំព័រហ្វេសប៊ុករបស់ CPPD ផ្ទាល់តែម្ដង៕រក្សាសិទ្ធិដោយ ៖ សារាយSN










