បរទេស ៖ បច្ចុប្បន្ន មន្រ្ដីជំនាញសុខាភិបាល និង ក្រុមអ្នកវិទ្យាសាស្រ្ដផ្នែកវេជ្ជសាស្រ្ដ កំពុងតែតាមដានវីរុសកូវីដបំប្លែងខ្លួន Delta ថ្មី ដែលកំណត់សម្គាល់ឈ្មោះ AY.4.2 ព្រោះវាជាប្រភេទវីរុស ដែលចម្លងលឿនជាងកូវីដ-១៩បំប្លែងខ្លួន Delta ។

បើតាមសារព័ត៌មាន NDTV បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ថា ក្រុមមន្រ្ដីជំនាញសុខាភិបាល និង អ្នកវិទ្យាសាស្រ្ដផ្នែកវេជ្ជសាស្រ្ដរបស់អង់គ្លេស កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើវីរុសកូវីដ-១៩ប្រភេទថ្មីនេះ។ វីរុសបំប្លែងខ្លួន Delta ថ្មី ដែលហៅ ឈ្មោះ AY.4.2 នេះ ត្រូវបានរាយការណ៍ថា បានចម្លង នៅក្នុងប្រទេសជាច្រើន។ អ្វីដែលក្រុមមន្រ្ដីជំនាញសុខាភិបាល កាន់តែព្រួយបារម្ភខ្លាំងនោះ គឺវាចម្លងលឿនជាងវីរុសកូវីដ-១៩មុនៗ។ វីរុស AY.4.2នេះ ត្រូវបានគេរាយការណ៍ថា រកឃើញជាច្រើនករណី នៅក្នុងចក្រភពអង់គ្លេស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែតុលា អង្គការសុខភាពពិភពលោក «WHO» បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃរោគរាតត្បាតប្រចាំសប្ដាហ៍របស់ខ្លួន នៅសប្ដាហ៍នេះ ថា ការកើនឡើង នៃវីរុស AY.4.2 ត្រូវបានដាក់ស្នើឲ្យតាមដាន ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១មកម៉្លេះ។ ៩៣ភាគរយ នៃករណីវីរុស AY.4.2 ត្រូវបានរាយការណ៍ រកឃើញ នៅក្នុងចក្រភពអង់គ្លេស៕រក្សាសិទ្ធិដោយ ៖ សារាយSN










