រដ្ឋធានីតៃប៉ិ ៖ បច្ចុប្បន្ន កងទ័ពសហរដ្ឋអាមេរិក មួយចំនួនតូច កំពុងចូលទៅឈរជើង នៅលើដែនកោះតៃវ៉ាន់ ក្រោមហេតុផលទៅជួយហ្វឹកហ្វឺនដល់កងទ័ពរបស់ដែនកោះមួយនេះ ដើម្បីទប់ទល់នឹងការវាយប្រហារសង្គ្រប់ចូលលុកលុយពីចិន ទើបរដ្ឋាភិបាលទីក្រុងប៉េកាំង ខឹងសម្បានឹងសកម្មភាពត្រៀមទុកជាមុនរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

ស្ថានភាពតានតឹង រវាងចិន និងកោះតៃវ៉ាន់ បានកើតឡើង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រោយពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជូនយន្ដហោះយោធា ១៥០គ្រឿង ហោះរំលោភចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ នេះជាសញ្ញាបង្ហាញពីការគំរាមកំហែងដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ ឲ្យចុះចាញ់នឹងអំណាចយោធាដ៏ខ្លាំងក្លារបស់ចិន ហើយសុខចិត្តចូលមករស់នៅក្នុងប្រទេសមួយ ក្រោមប្រព័ន្ធច្បាប់២។ ទោះជាយ៉ាងណា លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានសច្ចាជាមួយនឹងពលរដ្ឋរបស់ខ្លួន ត្រូវតែការពារដែនដីនេះឲ្យខាងតែបាន បើទោះជាត្រូវចំណាយ និងបូជាយ៉ាងណាក៏ដោយ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការដាក់សម្ពាធទាំងនយោបាយ និងសេដ្ឋកិច្ច មកលើដែនកោះមួយនេះបន្ថែមទៀត។ ការគំរាមកំហែងរបស់ចិន កំពុងតែជំរុញឲ្យតៃវ៉ាន់ បង្កើនការទិញគ្រឿងសព្វាវុធទំនើបៗកាន់តែច្រើនឡើង សម្រាប់ត្រៀមធ្វើសង្គ្រាម ការពារដែនដីរបស់ខ្លួន។ ចំណែកសកម្មភាពយោធារបស់អាមេរិកជួយការពារដល់កោះតៃវ៉ាន់ តាមការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនេះ កំពុងតែធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង។

លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ បានថ្លែង នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញទូរទស្សន៍ CNN ថា កងទ័ពសហរដ្ឋអាមេរិកមួយចំនួនតូច កំពុងតែប្រចាំការ នៅលើដែនកោះតៃវ៉ាន់ ដើម្បីហ្វឹកហាត់ដល់ទាហានតៃវ៉ាន់។ នេះជាលើកទី១ហើយ ដែលមេដឹកនាំកំពូលរបស់តៃវ៉ាន់ បានបញ្ជាក់ពីវត្តមានរបស់កងទ័ពអាមេរិក លើដែនកោះកាន់លទ្ធិប្រជាធិបតេយ្យ ខណៈចិនកំពុងតែគំរាមកំហែង ហើយចាត់ទុកតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន។
ដោយឡែក លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែង នៅក្នុងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិក គឺផ្អែកលើគោលការណ៍ចិនតែមួយ។ ដូច្នេះ «សហរដ្ឋអាមេរិកត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិ នៃសេចក្តីថ្លែងការណ៍ បីរបស់អាមេរិក-ចិន។ យើងប្រឆាំងដាច់ខាត រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងអាមេរិក និងកោះតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែក របស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។
បើតាមសារព័ត៌មានរបស់រុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា សេចក្តីថ្លែងការណ៍របស់ចិន បានធ្វើឡើង ក្រោយពេលលោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNN ថា ទាហានអាមេរិក មានវត្តមាននៅលើកោះនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់កោះតៃវ៉ាន់។ លោកស្រី Tsai បានអះអាងថា «ការគំរាមកំហែង» មកពីប្រទេសចិនកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ប៉ុន្ដែតៃវ៉ាន់ បានបង្ហាញពីទំនុកចិត្តលើការគាំទ្រ ពីទីក្រុងវ៉ាស៊ីនតោន នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារណាមួយពីចិន។
ចិននៅតែអះអាងថា តៃវ៉ាន់ជាអាណាខេត្តរបស់ខ្លួន ហើយប្រសិនបើរដ្ឋាភិបាលទីក្រុងតៃប៉ិ ប្រកាសពីឯករាជភាព ផ្ដាច់ចេញពីចិនោះ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងទ័ព វាយសង្គ្រប់ចូលកាន់កាប់តែម្ដ។ ដោយឡែករដ្ឋាភិបាលទីក្រុងតៃប៉ិ ក៏បានព្រមានថា ចិនដីគោក អាចនឹងត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីវាយប្រហារកោះនេះ នៅឆ្នាំ២០២៥។ ប៉ុន្ដែបច្ចុប្បន្ន តៃវ៉ាន់បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនការអាកាស ចំនួន៣៥០គ្រឿង ហើយតៃវ៉ាន់ ក៏នឹងមានគម្រោងទិញប្រព័ន្ធមីស៊ីល Patriot PAC-3 (MSE) ចំនួន៣០០គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ និង២០២៦។ ក្រៅពីនេះ តៃវ៉ាន់បាន និងកំពុងទិញគ្រឿងសព្វាវុធទំនើបៗបន្ថែមទៀត ដើម្បីទុកធ្វើសង្គ្រាមជាមួយចិន៕រក្សាសិទ្ធិដោយ ៖ សារាយSN








