Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនចង់ប្រើប្រាស់កម្លាំងយោធា វាយសង្គ្រប់យកដែនតៃវ៉ាន់

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ កងទ័ពរំដោះប្រជាជនចិន បាន និងកំពុងតែបង្កើនសកម្មភាពកាន់តែខ្លាំងក្លា ទាំងកងទ័ពជើងទឹក និង ទ័ពអាកាសរាប់រាយគ្រឿង ធ្វើនាវាចរណ៍ និង ហោះរំលោភចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ទើបអតីតមន្រ្ដីជាន់ខ្ពស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានអះអាងថា បច្ចុប្បន្ន តៃវ៉ាន់កំពុងប្រឈមនឹងគ្រោះអាសន្នពីការគំរាមកំហែង កាន់តែធ្ងន់ឡើងពីយោធាចិន ព្រោះតែរដ្ឋាភិបាលទីក្រុងប៉េកាំង ចង់វាយសង្គ្រប់ កាន់កាប់យកដែនកោះមួយនេះ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា លោក Elbridge Colby អតីតមន្រ្ដីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានសរសេរនូវទស្សនៈមួយ ចុះផ្សាយ នៅលើសារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ថា តៃវ៉ាន់កំពុងតែប្រឈមមុខនឹងគ្រោះអាសន្ន ពីការគំរាមកំហែងពីយោធាចិន។

លោក Elbridge Colby ធ្លាប់បម្រើការងារជាឧបការីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកយុទ្ធសាស្រ្ដា និងការអភិវឌ្ឍកម្លាំង នៅក្នុងអំឡុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការប្រយុទ្ធ ដើម្បីគ្រង់គ្រងតៃវ៉ាន់ អាចនឹងកើតឡើង នៅក្នុងពេលដ៏ឆាប់ៗនេះ។ ប៉ុន្ដែរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលអះអាងថា «ចិនកំពុងតែបង្ហាញវត្ដមានពីការប្រកួតប្រជែងដ៏គ្រោះថ្នាក់ដល់សេដ្ឋកិច្ច នយោបាយ និង បច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក គឺមិនទាន់គ្រប់គ្រាន់ទេ។ បញ្ហានេះទាល់ត្រាតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនដឹងថា ការគំរាមកំហែង អាចប្រឈមមុខនឹងសង្គ្រាម យកឈ្នះចាញ់។

បើតាមសារព័ត៌មាន The Liberty Times បានដកស្រង់សម្ដីរបស់លោក Elbridge Colby យកមកចុះផ្សាយថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ចិនបានចំណាយធនធានធ្វើឲ្យយោធូបនីយកម្មឲ្យមានកងទ័ពជើងទឹកដ៏ធំបំផុត នៅលើពិភពលោក កងទ័ពអាកាសដ៏ខ្លាំងក្លា ប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងបណ្ដាញផ្កាយរណប។ ការអភិវឌ្ឍន៍វិស័យយោធាដ៏ខ្លាំងក្លាបែបនេះ បង្ហាញថា ចិនមិនត្រឹមតែមានមហិច្ឆតាវាយលុកទៅលើតៃវ៉ាន់ប៉ុណ្ណោះទេ ហើយចិនក៏មានអាចសម្រេចបាននូវសមត្ថភាពវាយលុកទៅលើប្រទេសដទៃទៀតផងដែរ។

អតីតមន្ត្រីមន្ទីរបញ្ចកោណ បានទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការការពារតៃវ៉ាន់ និងតំបន់អាស៊ី។ ប៉ុន្តែអតីតមន្រ្ដីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវការជួយតៃវ៉ាន់ឱ្យកាន់តែខ្លាំងក្លាឡើងនូវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បង្កើនថវិកា និងពង្រឹងសក្តានុពលរបស់ខ្លួន ក្នុងការទប់ទល់នឹងការទម្លាក់គ្រាប់បែក ឬការរារាំងដោយប្រទេសចិន។ ជាមួយគ្នា អតីតមន្រ្ដីជាន់ខ្ពស់មន្ទីរបញ្ចកោណរូបនេះ ក៏បានចង្អុលបង្ហាញថា ប្រសិនបើតៃវ៉ាន់ដួលរលំនោះ សម្ពន្ធមិត្តជិតស្និទ្ធរបស់ជប៉ុន នឹងក្លាយជាប្រទេសបន្ទាប់ ដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងពីចិន។

ដោយសារតែមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីចិន ទើបរដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីកោះតៃវ៉ាន់ បានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីទិញគ្រឿងសព្វាវុធមកពីសហរដ្ឋអាមេរិក។ កាលពីប៉ុន្មានថ្ងៃមកនេះ តៃវ៉ាន់បានបន្ដចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស ដើម្បីត្រៀមរៀបចំទប់ទល់នឹងសង្គ្រាមវាយលុកពីចិន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×