Sunday, December 5, 2021

ស្រវឹងស្រាជោក បើករថយន្តford ranger ធ្លាក់ចូលក្នុងប្រឡាយលូលិចរថយន្តបាត់ សំណាងល្អពលរដ្ឋជួយស្រង់ទាន់

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាក ford ranger ជ្រុលចង្កូតទៅបុ.កបង្កាន់ដៃជាប់ប្រឡាយមាត់លូ បណ្តាលឲ្យក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងទឹកប្រឡាយលូ លិចបាត់ទៅក្រោម សំណាងល្អបានប្រជាពលរដ្ឋ លោតទៅជួយវាយទម្លុះកញ្ចក់រថយន្ត ស្រង់តៃកុងចេញពីក្នុងរថយន្តមកលើគោកវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំងលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជាអ្នកបើករថយន្តខាងលើ ពុំទាន់ស្គាល់អត្ថសញ្ញាណនោះទេ តែដោយគេសង្ស័យថាជាមន្រ្តីយោធា ដោយនៅក្នុងខ្លួនគាត់មានកាំភ្លើងខ្លីមួយដើមផងដែរ។

យោងតាមប្រភពព័ត៌មានពីបងស្រីម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានឃើញបុរសរងគ្រោះខាងលើ ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាក ford rangerមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AT- 8678 បើករថយន្តមកឈប់នៅផ្លូវ១០៥ជាប់និងប្រឡាយមាត់លូជិតមួយម៉ោងទៅហើយ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញបុរសរូបនោះបានបើករថយន្តបន្តទៅមុខទៀត ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុ.កបង្កាន់ដៃប្រឡាយមាត់លូ រួចក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងទឹក បណ្តាលឲ្យតៃកុងជាប់នៅក្នុងរថយន្តស្រែកហៅឲ្យគេជួយ សំណាងល្អបានពលរដ្ឋជិតខាង លោតទៅជួយវាយទម្លុះកញ្ចក់រថយន្ត និងទ្វារគាស់យកបុរសជាតៃកុង ចេញមកលើគោកវិញរួចផុតពីអាយុជីវិត បន្ទាប់មករាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកជាបន្ទាន់។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឃាត់បុរសជាតៃកុងយកទៅធ្វើការសួរនាំ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត