Sunday, December 5, 2021

រដ្ឋបាលរាជធានី ដាក់ឱ្យអនុវត្តតារាងកម្រៃគ្រប់គ្រងសំរាម និងសំណល់រឹង (តារាងថ្មី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃគ្រប់គ្រងសំរាម និងសំណល់រឹង (តារាងថ្មី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា បន្ទាប់ពីមានកំណែទម្រង់ក្នុងការគ្រប់គ្រងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នោះមក ប្រជាពលរដ្ឋមានការសាទរ និងវាយតម្លៃខ្ពស់ចំពោះឥរិយាបថរបស់កម្មករសម្អាត-ប្រមូលសំរាម ក៏ដូចជាកោតសរសើរចំពោះកិច្ចខិតខំរបស់អាជ្ញាធរផង។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ តាមរយៈការដេញថ្លៃជ្រើសរើសប្រតិបត្តិករថ្មីចំនួន០៣ដើម្បីផ្តល់សេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ដែលបានដំណើរការផ្ដល់សេវាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ បច្ចុប្បន្ន ជាលទ្ធផលមានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ថាមានការផ្លាស់ប្តូរគុណភាពសេវាគួរឱ្យ កត់សម្គាល់ ជាអាទិ៍៖ មិនមានគំនរសំរាមសេសសល់ច្រើនដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយនិងសម្ភារបរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើននិងមានការអប់រំជាងមុន ដែលប្រការនេះបានធ្វើឱ្យ មានការសាទរជាបណ្តើរៗពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងលទ្ធផលគួរជាទីមោទនៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ការអនុវត្តការបង់ប្រាក់ ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដោយប្រើប្រាស់តារាងបង់ប្រាក់ឆ្នាំ២០០៣ គឺមិនទាន់ឆ្លើយ័តប ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅនាពេលបច្ចុប្បន្នឡើយ ពិសេស មិនមានលទ្ធភាពទ្ធទាត់ថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមទៅកាន់ទីលានជូនប្រតិបត្តិករទាំង៣ (ដែលបានប្រើប្រាស់រថយន្តដឹកសំរាមរថយន្តបោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ ម៉ូតូកង់បីប្រើអាគុយម៉ូតូកង់បីធាក់ជើង កង់ប្រមូលសំរាម ធុងដាំស្ទ័រ ធុងសំរាម និងសម្ភារប្រមូលសំរាមផ្សេងៗទៀតថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ការចំណាយរដ្ឋបាលរបស់សហគ្រាស និងការចំណាយរៀបចំទីលានសុវត្ថិភាពនៅឡើយ។

ដូច្នេះ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយមានការដឹកនាំចង្អុលបង្ហាញ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយក្រុម ការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ហើយបានប្រើប្រាស់សេវាប្រឹក្សាយោបល់បច្ចេកទេសរបស់ក្រុមហ៊ុន CRISIL Risk and Infrastructure Solutions Limited ដើម្បីសិក្សាធ្វើបច្ចុប្បន្នភាពរៀបចំតារាងកម្រៃសេវាឡើង់វិញ ដោយយកតារាងកម្រៃសេវាចាស់ឆ្នាំ២០០៣ ជាគោល និងផ្អែកលើមូលដ្ឋាន គោលនយោបាយ ការវិភាគ ការវាយ៉តម្លៃប្រកបដោយ លក្ខណៈវិទ្យាសាស្ត្រ គោលការណ៍សមធម៌ ស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន សម្រេចបានតារាងតម្លៃថ្មី ដែលចែកជាពី០២ប្រភេទ គឺ (ទី១) ទីតាំងមិនប្រកបអាជីវកម្ម មាន១៦អនុប្រភេទ ស្មើនឹង ៨០% នៃទីតាំងសរុប និង (ទី២) ទីតាំងប្រកបអាជីវកម្ម មាន៣៦អនុប្រភេទ ស្មើនឹង ២០% នៃទីតាំងសរុប ដែលក្នុងនោះ ១៥% ជាអាជីវកម្ម សេវាកម្ម និងហាងទំនិញ ដូចបានជូនភ្ជាប់មកជាមួយ ដែលនឹងដាក់ ឱ្យអនុវត្តចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ កូលាប