Sunday, December 5, 2021

ក្រុមមន្ត្រីចម្រុះនៃរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តសាលដីកាស្ថាពរ លើវិវាទបណ្ណកាន់កាប់ដីធ្លី ដែលមានជម្លោះដ៏រ៉ាំរ៉ៃ ១៥ឆ្នាំ

ខេត្តកោះកុង ៖ ក្រុមមន្ត្រីចម្រុះនៃរដ្ឋបាលខេត្តកោះកុង បានចុះអនុវត្តសាលដីកាស្ថាពរ លេខ ២១៩ ” ខ ” ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ ភូមិអូរជ្រៅ (ចំការចន្ទី) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងលោក ទូច ស្រូយ ជាមួយឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត, ឆាយ ប្រុស ដែលវិវាទរ៉ាំរៃរយៈពេលប្រហែល ១៥ឆ្នាំហើយ ចាប់តាំងពីសាលាដំបូងខេត្តកោះកុង រហូតដល់តុលាការកំពូល។

ការចុះអនុវត្តសាលដីកាស្ថាពរនេះ បានធ្វើឡើងនាវេលាព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅលើទីតាំងកើតហេតុផ្ទាល់ គឺភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល (លើកំណាត់ផ្លូវ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រទី២ – ទី៣) ដោយខ្លឹមសារសាលដីកាបញ្ជាក់ថា វិវាទលើការប្រើប្រាស់បណ្ណកាន់កាប់ដីធ្លីជាន់គ្នា ៥៣បណ្ណ , ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតនោះ គឺ មិនមែនកើតទំនាស់រវាងមនុស្ស ៤-៥នាក់ ជាដើមបណ្ដឹង និងចុងចម្លើយប៉ុណ្ណោះទេ គឺមានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនប្រហែល ៤០គ្រួសារ ដែលអះអាងថា ជាអ្នកភូមិរស់នៅក្នុងដីចំការវិវាទនេះ តាំងពីយូរឆ្នាំណាស់មកហើយ ពួកគាត់ក៏ព្រួយបារម្ភខ្លាចគេដណ្ដើមយកដីដែរ។

សភាចារបុរសតុលាការកំពូលបានរកឃើញថា លិខិតផ្ទេរសិទ្ធិរបស់ លោក ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស មិនអាចយកមកតតាំងជាមួយប័ណ្ណសម្គាល់សិទ្ធិកាន់កាប់របស់ លោកទូច ស្រូយ បានទេ ពីព្រោះថា លិខិតផ្ទេរសិទ្ធិរបស់ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស គឺធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៦។ រីឯបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ លោក ទូច ស្រូយ គឺអាជ្ញាធរមានសមត្ថកិច្ចបានទទួលស្គាល់ត្រឹមត្រូវតាមទម្រង់នៃច្បាប់ភូមិបាល តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៤ មុនកាលបរិច្ឆេទនៃលិខិតផ្ទេរសិទ្ធិរបស់ក្រុម លោក ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស ប្រហែលជិត ១០ឆ្នាំឯណោះ, ហើយបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ លោក ទូច ស្រូយ នេះ គឺមានឋានានុក្រមតម្លៃគតិយុត្តតាមច្បាប់ភូមិបាលខ្ពស់ជាង។ ដូច្នេះការទិញ-លក់ដីទំនាស់រវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុស និងអ្នកលក់ដីធ្លីផ្សេងៗទៀត គឺជាការលក់-ទិញដី លើដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។

លើសពីនេះទៅទៀត តាមរយៈលិខិតផ្ទេរសិទ្ធិការលក់-ទិញដីរវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុស និងភាគីអ្នកលក់ដីផ្សេងៗទៀត គឺធ្វើឡើងពុំស្របតាមស្មារតី មាត្រា ៦៩ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ដោយហេតុថា នៅក្នុងលិខិតផ្ទេរសិទ្ធិលក់-ទិញដីខាងលើ ពុំមានការបញ្ជាក់អំពីតម្លៃនៃការទិញ-លក់ដីនោះទេ។

ដូច្នេះ តុលាការកំពូលបានសម្រេចឱ្យ លោក ទូច ស្រូយ ឈ្នះក្ដីលើ ក្រុមលោក ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស និងបានចេញរូបមន្តអនុវត្ត សាលដីកាស្ថាពរទៀតផង។ ចំណែកភាគី ក្រុមលោក ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស ដែលចាញ់ក្ដី បានស្រែកតវ៉ាចំពោះមុខក្រុមមន្ត្រី និងអ្នកសារព័ត៌មានថា ” អយុត្តិធម៌ណាស់ ” ។ ប៉ុន្តែទោះយ៉ាងណា ក្រុមមន្ត្រីចម្រុះនៃរដ្ឋបាលខេត្តកោះកុង បានអនុវត្តសាលដីកាស្ថាពរនេះ ប្រកបដោយជោគជ័យ។

ដោយឡែក ប្រជាពលរដ្ឋចំនួនប្រហែល ៤០គ្រួសារ ដែលរស់នៅប្លុកទីតាំងកើតហេតុនោះដែរ ក៏បានចេញមកលើកបដា តវ៉ាថា ពួកគាត់ព្រួយបារម្ភខ្លាចការអនុវត្តសាលដីកាស្ថាពរនេះ វាតទីប៉ះពាល់ដល់ដីចម្ការ-លំនៅឋាន ដែលពួកគាត់រស់នៅតាំងពីយូរឆ្នាំមកហើយ (ចំការចន្ទី) , ដូច្នេះ សូមឲ្យស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍ដល់ពួកគាត់ផង។

ងាកមកភាគីខាង ក្រុមលោក ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស មជ្ឈមណ្ឌលព័ត៌មាន CEN មិនទាន់បានជួបសម្ភាសន៍ លម្អិត ស៊ីជម្រៅ នៅឡើយទេ, យើងរង់ចាំសម្ភាន៍បន្ថែម ឬបើមានព័ត៌មានប្រែប្រួលជុំវិញ ករណីនេះយ៉ាងណាទៀតនោះ CEN និងផ្សាយបន្តទៀត ដើម្បីរកតម្លាភាពនៃវិវាទនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN