Sunday, December 5, 2021

កម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅរសៀលថ្ងៃទី២២ ខែតុលា នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី ២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ តាងនាមឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញថ្លែងសុន្ទរកថាមួយប្រកបដោយអត្ថន័យខ្លឹមសារ ។

ក្រសួងការបរទេសបានបន្តថា អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ ។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប និងការបរទេសបារាំង និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងផ្ញើសារអបអរសាទរមកចូលរួម ខណៈ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងឱ្យអង្គទូតទាំងអស់ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ