Sunday, December 5, 2021

ក្រសួងការបរទេស បានបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ។

សូមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតមួយជម្រាបមកឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទស ក្នុងកម្មវត្ថុ៖ ការកែសម្រួលគោលការណ៍នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស ថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើង នៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាព ប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា ដូចខាងក្រោម៖

១.បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)

២.ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួល ដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការនៅ ពេលមកដល់ (Visa on Arrival)។

៣.គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូល មកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេស(បកប្រែក ផ្លូវការ)៕រក្សាសិទ្ធិដោយ ៖ កូលាប