រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា ថា ថៃបានត្រៀមរៀបចំរួចជាស្រេចហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ មកពីបណ្ដាប្រទេសចំនួន៤៦ ហើយថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូល១,៥ពាន់ពាន់លានបាត ឬស្មើនឹង៤៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ មកពីប្រទេស ចំនួន៤៦ នឹងត្រូវអនុញ្ញាតឲ្យចូលមក ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ចង់ឲ្យគ្រប់អង្គការនាន ត្រូវធ្វើកិច្ចសហប្រតិបត្ដិការ និងការពារដល់សាធារណជន។ ថៃអនុញ្ញាតដល់ភ្ញៀវទេសចរបរទេស មកពីប្រទេសដែលមានហានិភ័យ ពីកូវីដតិច រួមមាន៖ អូស្រ្ដាលី, អូទ្រីស, បារ៉ែន, ប៊ែលហ្ស៊ិក, បូតង់, ប៊្រុយណេ, ប៊ុលហ្គារី, កម្ពុជា, កាណាដា, ឈីលី, ចិន, ស៊ីប (Cyprus), ឆែក, ដាណឺម៉ាក, អេស្ដូនី, ហ្វាំងឡង់ដ៍, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងហ្គ្រី, អ៊ីស្លង់ដ៍, អ៊ែរឡង់ដ៍, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, ឡាតាវី, Lithuania, ម៉ាឡេស៊ី, ម៉ាល់តា, ហូឡង់ដ៍, នូវ៉ែហ្ស៊ឺឡង់ដ៍, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់, កាតារ, អារ៉ាប៊ីសាអូឌីដ, សិង្ហបុរី, ស្លូវ៉ានី, កូរ៉េខាងត្បូង, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, អារ៉ាប់រួម (United Arab Emirates), ចក្រភពរួម (the United Kingdom), សហរដ្ឋអាមេរិក និង ហុងកុង។

រដ្ឋាភិបាលថៃ រំពឹងថា ការបើកទ្វារប្រទេស ដើម្បីទទួលទេសចរនេះ នឹងអាចរកបានប្រាក់ចំណូលបាន ១,៥ពាន់ពាន់លានបាត ឬស្មើនឹងប្រហែលជាង ៤៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN











