បរទេស ៖ សារព័ត៌មាន BBC បានរកឃើញឯកសារសម្ងាត់ជាច្រើន មកពីបណ្ដាប្រទេសផ្សេងៗ ដែលកំពុងតែបញ្ចុះបញ្ចូល ឲ្យកែប្រែរបាយការណ៍ដ៏សំខាន់ ស្ដីពីការប្រែប្រួលអាកាសធាតុនេះ ខណៈកិច្ចប្រជុំកំពូល ស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីក្រុង Glasgow ស្កុតឡែនដ៍។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២១ ខែតុលា ថា ការបែកធ្លាយឯកសារជាច្រើន ដែលសារព័ត៌មាន BBC បានបង្ហាញពីរបៀបដែលបណ្តាប្រទេសនានា កំពុងតែព្យាយាមឲ្យកែប្រែរបាយការណ៍ តាមលក្ខណៈវិទ្យាសាស្ត្រដ៏សំខាន់មួយ ស្តីពីវិធីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ការលេចធ្លាយឯកសារនេះ បង្ហាញថា ប្រទេសអារ៉ាប៊ីសាអូឌីដ ជប៉ុន និងអូស្រ្តាលី ក៏ស្ថិតក្នុងចំណោមប្រទេស ដែលស្នើទៅអង្គការសហប្រជាជាតិ ឲ្យកាត់បន្ថយតម្រូវការ ដើម្បីដកចេញពីការប្រើប្រាស់ពីឥន្ធនៈហ្វូស៊ីលផងដែរ។
ឯកសារនោះ ក៏បង្ហាញពីប្រទេសអ្នកមានមួយចំនួន កំពុងតែចោទសួរ អំពីការបង់ប្រាក់បន្ថែមទៅដល់ប្រទេសក្រីក្រ ដើម្បីផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាបៃតង។ ចំណែកការបញ្ចុះបញ្ចូលនេះ នឹងលើកឡើង ជាសំណួរជាច្រើន សម្រាប់កិច្ចប្រជុំកំពូល ស្ដីពីអាកាសធាតុ COP26 នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ករណីនេះបង្ហាញពីប្រទេសជាច្រើន គាំទ្រអនុសាសន៍របស់អង្គការសហប្រជាជាតិ សម្រាប់សកម្មភាពជាច្រើនប៉ុន្មានថ្ងៃ មុនពេលពួកគេ នឹងត្រូវស្នើសុំឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការបន្ថយការប្រែប្រួលអាកាសធាតុ និងរក្សាកម្ដៅផែនដីដល់ ១,៥ អង្សា។

ឯកសារបែកធ្លាយនេះ រួមមាន ការដាក់ស្នើជាង ៣២ ០០០ ដែលធ្វើឡើង ដោយរដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ក្រុមហ៊ុនជាច្រើន និងភាគីពាក់ព័ន្ធផ្សេងទៀត សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលចងក្រងរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលរៀបចំឡើង ដើម្បីប្រមូលភស្តុតាងផ្នែកវិទ្យាសាស្ត្រដ៏ល្អបំផុត ស្តីពីវិធីដោះស្រាយការប្រែប្រួលអាកាសធាតុ។
ដោយឡែក «របាយការណ៍វាយតម្លៃ» ទាំងនេះ ត្រូវបានបង្កើតឡើងជារៀង រាល់៦-៧ឆ្នាំម្តងដោយក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)។ ចំណែក ស្ថាប័នរបស់អង្គការសហប្រជាជាតិ មានភារកិច្ចវាយតម្លៃផ្នែកវិទ្យាសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ។

របាយការណ៍នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ដើម្បីសម្រេច ថាតើសកម្មភាពអ្វី ដែលត្រូវការ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយនឹងក្លាយជាធាតុរួមផ្សំដ៏សំខាន់ ក្នុងការចរចា នៅក្នុងសន្និសីទកំពូល ស្ដីពីអាកាសធាតុ នៅក្នុងទីក្រុង Glasgow ស្កុតឡែនដ៍ ចក្រភព។ សិទ្ធិអំណាច នៃរបាយការណ៍ទាំងនេះ បានមកពីរដ្ឋាភិបាល នៃប្រទេសនានា នៅលើពិភពលោកចូលរួម ក្នុងដំណើរការ ដើម្បីឈានដល់ការមូលមតិគ្នា។
ដោយឡែក មតិយោបល់ពីរដ្ឋាភិបាលនានា ដែលសារព័ត៌មាន BBC បានអាន ត្រូវបានរៀបចំឡើងយ៉ាងច្រើន ដើម្បីបង្កើត និងកែលម្អគុណភាព នៃរបាយការណ៍ចុងក្រោយនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN







