រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត បង្កើតក្រុមហ៊ុនបណ្ដាញសង្គមរបស់ផ្ទាល់ខ្លួន ដើម្បីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់សហរដ្ឋអាមេរិក ដែលបានបិទគណនីរបស់ខ្លួន។

សារព័ត៌មាន Daily Mail បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ថា លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះ «TRUTH Social» ដើម្បីក្រោកឈរឡើង ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដូចជា Facebook, Google, Twitter, Apple និង Amazon ជាដើម។ យើងរស់នៅលើពិភពលោក ដែលតាលីបង់មានវត្តមានយ៉ាងច្រើន នៅលើបណ្តាញសង្គម Twitter ។ ប៉ុន្តែប្រធានាធិបតីអាមេរិក ដែលអ្នកចូលចិត្ត ត្រូវបានបំបិទមាត់។ នេះជារឿងដែលមិនអាចទទួលយកបានទេ…»។
លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ពីគម្រោង ដើម្បីបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់ «TRUTH Social» ។ បណ្ដាញសង្គម TRUTH Social នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅខែក្រោយនេះ ហើយបណ្ដាញសង្គមថ្មីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Trump Media & Technology Group (TMTG) ។

លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា «ខ្ញុំពិតជារំភើប ក្នុងការផ្ញើការពិតជាលើកដំបូងរបស់ខ្ញុំ នៅលើបណ្តាញសង្គម TRUTH Social ក្នុងពេលឆាប់ៗនេះ។ TMTG (Trump Media & Technology Group ឬ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គម ត្រាំ ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងបេសកកម្មផ្តល់សំឡេង ដល់អ្នកទាំងអស់គ្នា។ មនុស្សគ្រប់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាមិនមានអ្នកណាម្នាក់ ងើបឈរតតាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ? ដោយសារតែករណីនេះ ទើបយើងនឹងធ្វើវាឲ្យបាន ក្នុងពេលឆាប់ៗនេះ»។

ក្រុមហ៊ុនបណ្ដាញសង្គម Twitter, Facebook និង YouTube បានបិទគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់គាត់ បាននាំគ្នា ចូលទៅវាយប្រហារ នៅក្នុងវិមានរដ្ឋសភា (កាពីតូល) បណ្ដាលឲ្យមានអ្នកស្លាប់ និង រងរបួស កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ក្រោយពេលប្រកាសលទ្ធផល នៃការចាញ់ឆ្នោតរបស់លោក ត្រាំ។ អំពើហិង្សានេះ បាននាំឲ្យមានការស្តីបន្ទោសចំៗដល់លោក ត្រាំ ថា ជាអ្នកបង្ហោះសារ ដុតកំហឹងបាតុករ នាំឲ្យសហរដ្ឋអាមេរិក អាប់មុខមាត់យ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ។ សំឡេងរបស់លោក ត្រាំ ត្រូវបានបញ្ចេញទៅកាន់សាធារណជន នៅតាមបណ្តាញសារព័ត៌មាន និងសេចក្តីថ្លែងការណ៍ ចេញពីការិយាល័យផ្លូវការរបស់លោក៕រក្សាសិទ្ធិដោយ ៖ សារាយSN







