រដ្ឋធានីព្យុងយ៉ាង ៖ ក្រោយពេលបាញ់មីស៊ីលបាលីស្ទិក ធ្លាក់ទៅលើដែនទឹក នៅឯនាយសមុទ្ររបស់ជប៉ុន កាលពីដើមសប្ដាហ៍នេះរួចមក កូរ៉េខាងជើង បានអះអាងជាថ្មី ពីការបាញ់មីស៊ីលដ៏ទំនើបរបស់ខ្លួន ចេញពីនាវាមុជទឹក ហើយសកម្មភាពយោធារបស់ប្រទេសកុម្មុយនីស្ដមួយនេះ កំពុងតែគំរាមកំហែងដល់សន្ដិសុខ ក្នុងតំបន់ ដែលប្រឆាំងនឹងច្បាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា កូរ៉េខាងជើង បានអះអាងថា ខ្លួន កាលពីថ្ងៃទី១៩ ខែតុលា បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មី ចេញពីនាវាមុជទឹក ប្រកបដោយជោគជ័យ។
សារព័ត៌មានគ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ នៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ថា កូរ៉េខាងជើង ពិតជាបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកថ្មី ចំនួនមួយគ្រាប់ ចេញពីនាវាមុជទឹក កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា ប្រាកដមែន។ សកម្មភាពយោធារបស់កូរ៉េខាងជើងនេះ បានកើតឡើង ក្រោយពេលភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងជប៉ុន បានអះអាងជាបន្តបន្ទាប់ អំពីការចាប់បានសញ្ញា នៃការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង។
មន្រ្ដីយោធាជំនាញរបស់កូរ៉េខាងត្បូង បានអះអាងថា មីស៊ីលមួយគ្រាប់ ដែលកូរ៉េខាងជើង ទើបបាញ់សាកល្បង កាលពីព្រឹក ថ្ងៃទី១៩ ខែតុលា នោះ ជាប្រភេទមីស៊ីលបាលីស្ទិក «SLBM»។ មីស៊ីលនេះ ត្រូវបានកងទ័ពកូរ៉េខាងជើង បាញ់ចេញពីនាវាមុជទឹក ហើយវាជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។

ដោយឡែក ជប៉ុន បានអះអាង កាលពីពីដំបូង ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល SLBM ចំនួន២គ្រាប់។ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងនេះ បានហោះផ្លោង ក្នុងចម្ងាយ ចន្លោះពី៤៣០គីឡូម៉ែត្រ ដល់៤៥០គីឡូម៉ែត្រ ហើយមានរយៈកម្ពស់៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២០ ខែតុលា ថា គ្រាប់មីស៊ីល SLBM «ប្រភេទថ្មី» ត្រូវបានបាញ់ចេញពីនាវាមុជទឹកមួយគ្រឿង ដែលបានប្រើប្រាស់ម្តងរួចមកហើយ ក្នុងការធ្វើតេស្ត SLBM «ស៊េរីចាស់» កាលពីឆ្នាំ២០១៦។

ដោយឡែក ក្រុមមន្រ្ដីជំនាញខាងសព្វាវុធអន្តរជាតិ បានអះអារថា គ្រាប់មីស៊ីល SLBM ថ្មីរបស់កូរ៉េខាងជើង រូបរាងតូច និងស្តើងជាង បើធៀបនឹងគ្រាប់មីស៊ីល SLBM ដែលទីក្រុងព្យុងយ៉ាង ធ្លាប់បង្ហាញ កាលពីមុន ឬអាចហៅថា ជាគ្រាប់មីស៊ីលពុំធ្លាប់មានអ្នកបានឃើញ នាពេលកន្លងមក។ បើមីស៊ីលប្រភេទនេះ មានទំហំកាន់តែតូច គឺអាចផ្ទុកបានកាន់តែច្រើន នៅក្នុងនាវាមុជទឹកមួយគ្រឿងៗ។ នេះមានន័យថា កូរ៉េខាងជើង កំពុងតែអភិវឌ្ឍនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាព នាំក្បាលគ្រាប់នុយក្លេអ៊ែរ កាន់តែរីកចម្រើន សម្រាប់ការដាក់ឲ្យធ្វើប្រតិបត្តិការ នៅពេលខាងមុខ៕រក្សាសិទ្ធិដោយ ៖ សារាយSN













