Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍ជនជាតិឥណ្ឌាមួយគូ ជិះឆ្នាំងរៀបការ ចំពេលទឹកជំនន់ជន់លិចភូមិឋាន

រដ្ឋធានីញូវដេលី ៖ គូស្នេហ៍ជនជាតិឥណ្ឌាមួយ បានរៀបការ ចំពេលទឹកជំនន់ជន់លិចភូមិឋាន ធ្វើឲ្យពួកគេជិះឆ្នាំងដ៏ធំមួយ ដើម្បីទៅកាន់កន្លែងរៀបចំពិធីការ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង ប្រទេសឥណ្ឌា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ថា កូនកំលោះក្រមុំមួយគូ បានរៀបចំគម្រោងអាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងខែតុលានេះ។ ប៉ុន្ដែនៅថ្ងៃកំណត់ នៃការរៀបអាពាហ៍របស់ពួកគេ ក៏ជួបនឹងគ្រោះធម្មជាតិ ភ្លៀងធ្លាកមកយ៉ាងខ្លាំង បណ្ដាលឲ្យកើតជាទឹកជំនន់ជន់លិច ភូមិឋានរបស់ពួកគេ។ ចុងក្រោយ គូស្នេហ៍កំលោះក្រមុំនេះ បានខ្ចីឆ្នាំងដ៏ធំមួយរបស់អ្នកស្រុក ជិះចាកចេញពីព្រះវិហារ នៅក្នុងតំបន់ ដើម្បីធ្វើដំណើរទៅកាន់កន្លែងរៀបចំពិធី ដោយមានបុរស២នាក់ ជាអ្នករុញឆ្នាំងដឹកកូនកំលោះក្រមុំ។ រូបភាពនេះ ត្រូវបានគេបង្ហោះ ចែកចាយ ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម។

កូនក្រមុំ បានប្រាប់ដល់បណ្តាញសារព័ត៌មានក្នុងស្រុក Channel Asianet ក្រោយពេលរៀបការភ្លាមៗថា «យើងមិនដែលនឹកស្រមៃថា ការរៀបការរបស់ពួកយើង ក្លាយទៅជាបែបនេះទេ»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង មកលើតំបន់មួយចំនួន នៅក្នុងប្រទេសឥណ្ឌា។ ដោយសារតែភ្លៀង ធ្លាក់មកយ៉ាងខ្លាំងបែបនេះ ទើបបង្កឲ្យកើតគ្រោះទឹកជំនន់ និង ការរអិលបាក់ដី សម្លាប់ពលរដ្ឋឥណ្ឌា យ៉ាងតិច២៨នាក់ នៅទូទាំងរដ្ឋ Kerala ។

បើតាមអាជ្ញាធររដ្ឋ Kerala បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទៅកាន់ជំរំសង្គ្រោះចំនួន១០០កន្លែង។ ដោយឡែក គ្រោះទឹកជំនន់ នៅក្នុងរដ្ឋ Kerala កាលពីឆ្នាំ២០១៨ ក៏បានសម្លាប់មនុស្សជិត៥០០នាក់ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×