រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេលនេះ សហគមន៍អន្ដរជាតិ និង ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្ដិភាពរបស់ជនជាតិប៉ាគីស្ថាន កំពុងតែជំរុញឲ្យតាលីបង់ បើកសិទ្ធិសេរីភាពដល់ស្រ្ដី ឲ្យទទួលបានការអប់រំយ៉ាងពេញលេញឡើងវិញ។

ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នោះមក លីបង់ បានដាក់បម្រាមដល់ក្មេងស្រី និងស្រ្ដីអាហ្វហ្គានីស្ថាន ចូលសិក្សា និងធ្វើការ នៅក្នុងវិស័យសុខាភិបាលសាធារណៈ។ បម្រាមរបស់តាលីបង់ គឺជាការដកសិទ្ធិរបស់ស្រ្ដី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនឲ្យទទួលបានការអប់រំ ហើយក្មេងស្រី រាប់លាននាក់ នៅទូទាំងប្រទេស មិនបានចូលរៀនសូត្របន្ដទៀតឡើយ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ថា លោកស្រី Malala Yousafzai ម្ចាស់ជយលាភីពានរង្វាល់ណូបែលសន្ដិភាព ជាជនជាតិប៉ាគីស្ថាន កំពុងតែជំរុញឲ្យតាលីបង់ លុបចោលបម្រាមរបស់ពួកគេ ហាមឃាត់ទៅលើក្មេងស្រី និងស្រ្ដី មិនឲ្យទទួលបានការអប់រំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សកម្មជនសម្រាប់ការអប់រំរបស់ស្រ្ដី របស់ជនជាតិប៉ាគីស្ថានរូបនេះ បានប្រាប់ដល់ BBC World News ថា បម្រាមអចិន្រ្ដៃយ៍របស់តាលីបង់ បច្ចុប្បន្ន អាចនឹងត្រូវអូសបន្លាយ រយៈពេលយូរឆ្នាំ។ ការហាមឃាត់ស្រ្ដី មិនឲ្យទទួលបានការអប់រំនេះ បានកើតឡើង កាលពីមួយខែមុន ដោយតាលីបង់ បានប្រកាសយ៉ាងច្បាស់ថា ក្មេងប្រុសអាចចូលរៀនឡើងវិញ។ ចុះហេតុអ្វីតាលីបង់ មិនអាចធ្វើដូចគ្នានេះ សម្រាប់ស្រ្ដី?

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៨ ខែតុលា ថា អាហ្វហ្គានីស្ថានក្លាយជាប្រទេសតែមួយគត់ នៅលើពិភពលោក ត្រូវហាមឃាត់ពលរដ្ឋ ប្រហែលពាក់កណ្ដាល មិនឲ្យទទួលបានការអប់រំ។ ស្រ្ដីអាហ្វហ្គានីស្ថាន ត្រូវបានហាមឃាត់ ក្នុងការធ្វើការ នៅក្នុងវិស័យសុខាភិបាលសាធារណៈ។
បើតាមការសិក្សា (PDF) នៅក្នុងឆ្នាំ២០១៥ រៀបចំឡើង សម្រាប់ UNESCO តាមរយៈវេទិកាអប់រំពិភពលោក (World Education Forum) បានឲ្យដឹងថា សាលារៀន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជិត៥០ភាគរយ ខ្វះខាតអគាសិក្សា។ បច្ចុប្បន្ននេះ ក្មេងស្រីអាហ្វហ្គានីស្ថាន ជាង២,២លាននាក់ មិនអាចចូលរៀនបាន ដូចពីឆ្នាំមុនទេ ពោលគឺ៦០ភាគរយ នៃកុមារី សរុប ដែលមិនបានទៅសាលារៀន នៅទូទាំងប្រទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN












