ទីក្រុងម៉ាឌ្រីដ ៖ ឧស្សាហកម្មផ្លូវភេទ នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវគេប៉ាន់ប្រមាណថា អាចនឹងរកចំណូលបាន ប្រហែល៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្ដែបច្ចុប្បន្ន នាយករដ្ឋមន្រ្ដី នៃប្រទេសអឺរ៉ុបមួយនេះ បានសន្យា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ត្រូវតែដាក់ទោសទណ្ឌដល់អំពើពេស្យាចារ ព្រោះយកស្រ្ដីមកធ្វើជាទាសីផ្លូវភេទ។

សារព័ត៌មាន BBC បានផ្សាយថា លោក Pedro Senchez នាយករដ្ឋមន្រ្ដីអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែតុលា) បានសន្យា ត្រូវតែដាក់ទោសទណ្ឌ ដល់អំពើពេស្យាចារ នៅក្នុងប្រទេសអេស្ប៉ាញ។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ទៅកាន់អ្នកគាំទ្ររបស់លោក នៅក្នុងសមាជបក្សសង្គមនិយម ដែលបានធ្វើឡើង នៅក្នុងទីក្រុង Valencia រយៈពេល៣ថ្ងៃ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា «អំពើពេស្យាចារ គឺជាការយកស្រ្ដី មកធ្វើជាទាសីកំដរអារម្មណ៍ផ្លូវភេទ»។ អេស្ប៉ាញ បានដាក់ទោសទណ្ឌដល់អំពើពេស្យាចារចាប់តាំងពីឆ្នាំ១៩៩៥មក។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ នៅក្នុងឆ្នាំ២០១៦ ថា ឧស្សាហកម្មផ្លូវភេទ នៅអេស្ប៉ាញ អាចរកប្រាក់ចំណូលបាន ប្រហែល៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមការស្រាវជ្រាវ នាឆ្នាំ២០០៩ បានរកឃើញថា បុរសអេស្ប៉ាញម្នាក់ ក្នុងចំណោម៣នាក់ តែងតែចំណាយលុយទៅលើការរួមភេទ។ ដោយឡែក របាយការណ៍មួយផ្សេងទៀត បានបោះពុម្ពផ្សាយ ក្នុងឆ្នាំ២០០៩ ដោយបានបង្ហាញថា តួលេខនេះ អាចនឹងកើនឡើងខ្ពស់ រហូតដល់៣៩%។ ប៉ុន្ដែបើតាមការសិក្សារបស់អង្គការសហប្រជាជាតិ នាឆ្នាំ២០១១ បានលើកឡើងថា អេស្ប៉ាញ ជាមជ្ឈមណ្ឌលពេស្យាចារដ៏ធំបំផុត លំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីថៃ និងព័រតូរីកូ (Puerto Rico )។
បើតាមការប៉ាន់ប្រមាណ មានស្រ្ដី ប្រហែល ៣០០ ០០០នាក់ ប្រកបរបរជាស្រីពេស្យា នៅក្នុងប្រទេសអេស្ប៉ាញ។ បច្ចុប្បន្ន អំពើពេស្យាចារ នៅមិនមានច្បាប់កំណត់ នៅក្នុងប្រទេសអេស្ប៉ាញនៅឡើយ ហើយក៏មិនមានការដាក់ទណ្ឌកម្ម ចំពោះអ្នកផ្តល់សេវាកម្មផ្លូវភេទផងដែរ ព្រោះការចំណាយប្រាក់លើការរួមភេទ គឺធ្វើឡើង តាមការព្រមព្រៀងផ្ទាល់ខ្លួន ហើយក៏មិនបានធ្វើ នៅតាមទីសាធារណៈនោះដែរ។ ចំណែកការដើរតួជាអ្នកតំណាង រវាងអ្នករកស៊ីផ្លូវភេទ និងអតិថិជន គឺជាទង្វើខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ សារាយ SN







