បរទេស ៖ ដោយសារតែមានបទពិសោធន៍ ក្នុងការទិញវ៉ាក់សាំងបង្ការកូវីដ-១៩ មានការយឺតយ៉ាវ ទើបនៅពេលនេះ បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងតែប្រញាប់ប្រញាល់ បញ្ជាទិញថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ បើទោះជាស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក មិនទាន់ទទួលស្គាល់ជាផ្លូវការក្ដី។

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ថា បណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្លាប់មានបទពិសោធន៍យឺតយ៉ាវ ក្នុងការទិញវ៉ាក់សាំង ទើបនៅពេលលើកនេះ ប្រទេសទាំងនេះ ខិតខំស្វះស្វែង បញ្ជាទិញថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក បើទោះជាឱសថនេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការ ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) ក្ដី។
ក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក «Merck» បានរកឃើញថ្នាំគ្រាប់ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ឱសថនេះ អាចកាត់បន្ថយគ្រោះថ្នាក់ដល់ស្លាប់ ឬត្រូវបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ រហូតដល់៥០ភាគរយ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Merck បានដាក់ពាក្យស្នើសុំការអនុញ្ញាតទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការប្រើប្រាស់ជាបន្ទាប់ ដើម្បីព្យាបាលជំងឺកូវីដ-១៩។ ប្រសិនបើ FDA ទទួលស្គាល់នោះ Molnupiravir ក្លាយជាថ្នាំគ្រាប់ សម្រាប់លេបព្យាបាល ប្រឆាំងនឹងជំងឺកូវីដដំបូងគេបំផុត នៅលើពិភពលោក។ ថ្នាំលេប Molnupiravir អាចជួយឲ្យអ្នកជំងឺព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះរបស់ពួកគេបានថែមទៀតផង៕រក្សាសិទ្ធិដោយ ៖ សារាយSN






