រដ្ឋធានីហ្សាការតា ៖ សិស្សសាលឥណ្ឌនេស៊ី បាននាំក្នាទៅចូលរួមយុទ្ធនាការសម្អាតទន្លេ ស្រាប់តែជួបនឹងគ្រោះអកុសល បណ្ដាលឲ្យលង់ស្លាប់១១នាក់ ហើយ១០នាក់ផ្សេងទៀត បានជួយសង្គ្រោះ រួចផុតពីសេចក្ដីស្លាប់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមដងទន្លេ (Cileueur) ស្ថិតក្នុងខេត្តជ្វាខាងលើលិច (West Java)។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ថា បើតាមអាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា សិស្សសរុប១៥០នាក់ មកពីសាលាអ៊ិស្លាម ថា្នក់អនុវិទ្យាល័យមួយ នៅក្នុងខេត្ត West Java បានចូលរួមក្នុងយុទ្ធនាការសម្អាត ច្រាំងទន្លេ ស៊ីលឡឺ (Cileueur) កាលពីថ្ងៃទី១៥ ខែតុលា ។ ប៉ុន្ដែស្របពេលពួកគេកំពុងតែសម្អាត និង ធ្វើអនាម័យ តាមច្រាំងទន្លេនេះ ក៏មានសិស្សចំនួន២១នាក់ បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹកទន្លេនោះ។
អាជ្ញាធរ នៅក្នុងតំបន់ បានបន្ថែមថា ក្នុងចំណោមសិស្សរងគ្រោះទាំង២១នាក់ ដែលបានធ្លាក់ចូលទៅក្នុងទន្លេនោះ គឺជួយសង្គ្រោះជីវិតឲ្យផុតពីគ្រោះថ្នាក់ ចំនួន១០នាក់។ ដោយឡែក ១១នាក់ផ្សេងទៀត បានបាត់បង់ជីវិត។

ក្រុមសង្គ្រោះបន្ទាន់របស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា នៅពេលកើតហេតុ អាកាសធាតុ មានសភាពល្អជាធម្មតា ហើយក៏គ្មានទឹកជំនន់ ឬទឹកហូរខ្លាំងនោះដែរ។ ប៉ុន្តែសិស្សទាំង១៥០នាក់ ដែលមកធ្វើអនាម័យសម្អាតបរិស្ថាន នៅតាមច្រាំងទន្លេនេះ មិនមានអ្នកណាម្នាក់ពាក់អាវពោងសុវត្ថិភាពទាំងអស់នោះឡើយ។ ពួកគេបានចុះទៅតាមច្រាំងទន្លេ រួចហើយឡើងជិះទូកពោង ហើយកាន់ដៃបណ្តាក់គ្នាបម្រុងឆ្លងទន្លេ ។ ប៉ុន្ដែជាអកុសល សិស្សជាង២០នាក់ បានរអិលជើងធ្លាក់ ចូលទៅក្នុងទឹកទន្លេ ជាបន្ដបន្ទាប់ បណ្ដាលឲ្យជួបនឹងហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានចេញទូក និងឧបករណ៍ផ្សេងៗទៀត ដើម្បីជួយសង្គ្រោះ និងស្វែងរកសិស្ស ដែលបាត់ខ្លួន នៅក្នុងទឹកទន្លេ Cileueur ទាំងយប់។ ប៉ុន្ដែក្រុមសង្គ្រោះ បានជួយស្រង់សិស្ស ចំនួន១០នាក់ឲ្យរួចផុតពីគ្រោះថ្នាក់ ហើយសិស្ស១១នាក់ផ្សេងទៀត មិនអាចជួយទាន់ពេលវេលា។ ទោះជាយ៉ាងណា រហូតមកដល់ពេនេះ ប៉ូលិសកំពុងតែស៊ើបអង្កេត លើឧបទ្ទវហេតុ នៃសិស្សសាលាលង់ទឹកស្លាប់នេះបន្ដទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN






