Saturday, October 23, 2021

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអភិបាលខេត្តពោធិ៍សាត់ថ្មី ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ធ្វើយ៉ាងណា ឱ្យមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋ

ពោធិ៍សាត់ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋផ្ដល់ការគាំទ្រជូន ឯកឧត្តម ជាវ តាវ ក្នុងការបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងឋានៈជាអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់។ សម្ដេច ក៏បានណែនាំឱ្យរដ្ឋបាលខេត្តខិតខំអនុវត្តឱ្យបាននូវច្បាប់ គោលនយោបាយ និងកម្មវិធីនយោបាយសម្រាប់កិច្ចការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះ ប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូន សម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តពីសម្ដេចក្រឡាហោម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក និងបានផ្ដល់ការពន្យល់ថារដ្ឋបាលខេត្តនីមួយៗមិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់គឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។

សម្ដេច ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខិតខំជំរុញការផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយត្រូវជំរុញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធានាអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ សម្ដេច បានបញ្ជាក់អំពីភាពចាំបាច់ នៃការខិតខំប្រមូលបញ្ហា មតិយោបល់ និងកង្វល់ពលរដ្ឋយកមកដោះស្រាយឱ្យបាន និងបានផ្ដល់ការលើកទឹកចិត្តឱ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ក៏បានថ្លែងកោតសរសើរ ឯកឧត្តម ម៉ៅ ធិន សម្រាប់ការបំពេញបេសកកម្មទទួលបានលទ្ធផលល្អ ជាបន្តបន្ទាប់នៅក្នុងអាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់ រយៈពេល៨ឆ្នាំកន្លងមក និងបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ឯកឧត្តម ជាវ តាយ និងបន្តខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនបានល្អបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងត្រូវបន្តជួយពលរដ្ឋមានបញ្ហាលំបាកនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ កូលាប