Saturday, October 23, 2021

ឃាត់ខ្លួនជនសង្ស័យវៀតណាម និងខ្មែរ ២នាក់ ជាប់ពាក់ព័ន្ធការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនជាង ២គីឡូក្រាម ឆ្លងដែនទៅវៀតណាម!!!!

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងគរបាលក្រុងបាវិត កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនយុវជនជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ជាប់ពាក់ព័ន្ធករណី រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅចំណុច ផ្លូវកែងចូលសាលាក្រុងបាវិត ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

មន្ដ្រីនគរបាល អធិការនគរបាលស្រុកបាវិត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ឡេ វ៉ាន់ថ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯ ជនសង្ស័យម្នាក់ទៀតមាន ឈ្មោះ ប៉ូ ប្រុសម៉ៅ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលមន្ដ្រីនគរបាល ដកហូកបានរួមមាន ៖គ្រឿងញៀនចំនួន ២១កញ្ចប់(ធំ) ទម្ងន់ ២០៥៧០,៧២ក្រាម , អាវុធខ្លីម៉ាកK54 ចំនួន១ដើម បង់ចំនួន១ និង គ្រាប់ចំនួន៨គ្រាប់, និងទូរស័ព្ទដៃចំនួន២គ្រឿងនិងម៉ូតូម៉ាកក្លីកចំនួន ១គ្រឿង។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃាត់ខ្លួន និងរក្សាទុកជាណ្តោះអាសន្ន នៅឯ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា