Saturday, October 23, 2021

ការនាំចេញកង់របស់កម្ពុជា នៅតែមានចំណូលខ្ពស់៣ឆ្នាំជាប់គ្នា ខណៈ ៩ខែ ឆ្នាំ២០២១នេះ ទទួលបានប្រាក់ចំណូលជាង ៤៧១លានដុល្លារ

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាននៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ពោលគឺ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា រកចំណូលពីការនាំចេញកង់បានចំនួន ជាង ៤៧១លានដុល្លារ ជាការលើកស្ទួយសេដ្ឋកិច្ចជាតិ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងអំពីការផលិតកង់ និងសេវានាំចេញនេះថា ការនាំចេញកង់ពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀត នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១នេះ, បានន័យថា ទោះជាជួបវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ ព្រោះកង់ គឺជាយានមួយប្រភេទ អាចជួយសម្រួលដល់ការងារប្រជាជនបានជាច្រើនយ៉ាង។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន ៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានឲ្យដឹងទៀតថា ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញកង់ រួមមាន ៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ។ល។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុនផលិតកង់មួយចំនួននៅកម្ពុជា ធ្លាប់ទទួលរងនូវភាពឃ្លីងឃ្លោង ដោយសារពួកគេព្រួយបារម្ភ ខ្លាចខាតបង់ធ្ងន់ធ្ងរ ខណ:គណៈកម្មការអឺរ៉ុប ប្រកាសដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នាដើមឆ្នាំ២០២០, ហើយថាក្រុមហ៊ុនខ្លះទៀត នឹង រុះរើ ទីតាំងផលិតកង់របស់ខ្លួនពីក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសជិតខាងវិញ ដូចជា ប្រទេស វៀតណាម ភូមា និងបង់ក្លាដេស ជាដើម ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការដក EBA មិនមែនជាការបិទទីផ្សារទេ កម្ពុជា នៅតែអាចនាំទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបបានដដែលគ្រាន់តែយើងត្រូវបង់ពន្ធតែប៉ុណ្ណោះ។ ម៉្យាងពេលនេះ រាជរដ្ឋាភិបាល បានផ្ដល់នូវកិច្ច សម្របសម្រួលជាច្រើន ហើយវិនិយោគិន នឹងមានលទ្ធភាពប្រកួតប្រជែង គាត់នៅតែមានប្រាក់ ចំណេញដូច្នេះគាត់នៅតែអាចវិនិយោគនៅ កម្ពុជាបានដដែល។

សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN