Saturday, October 23, 2021

រថយន្ត4RUNER បើកលឿន បួងចង្កូតគេចសត្វគោដើរឆ្លងផ្លូវ ជ្រុលទៅបុ.ករថយន្ត និងបង្គោលភ្លើង រងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្ត4RUNERបើកបរលឿន បួងចង្កូតគេចសត្វគោដើរឆ្លងផ្លូវជ្រុល ទៅបុករថយន្តមួយគ្រឿង នៅខាងមុខបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលឡើងខឿនសួន បុ.កបង្គោលភ្លើងមួយដើមបន្ថែមទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨នឹង៣០ ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក4Runer ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2G-6218 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបួងចង្កូតគេចពីសត្វគោ ដែលកំពុងដើរឆ្លងផ្លូវជ្រុលទៅបុករថយន្តនៅពីមុខមួយគ្រឿងម៉ាក Rushពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BN-4282 ធ្វើដំណើរស្របគ្នារងការខូចខាតបែកចង្កៀងក្រោយ ខាងឆ្វេងរួចរថយន្តមិនទាន់អស់ល្បឿនជ្រុល ទៅឡើងសួនបុ.កបង្គោលភ្លើងកល់ជាប់ទៅមុខលែងរួច
​រថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោ ចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងយករថយន្តទាំង២គ្រឿង អែបខាងដើម្បីឲ្យភាគីទាំងសងខាងចរចាគ្នា ដោយខាងម្ចាស់រថយន្ត4RUNER សុខចិត្តចេញថ្លៃជួសជុលឲ្យខាងរថយន្តRush ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម