Saturday, October 23, 2021

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងរបស់ពិរុទ្ធជនម្នាក់ ពាក់ព័ន្ធបទល្មើស ឃា.ត.កម្ម គិតទុកជាមុន បា.ញ់សម្លាប់បងប្រុសថ្លៃ ដោយសារតែខឹង ជនរងគ្រោះ បដិសេធមិនផឹកស្រា ជាមួយខ្លួន!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃា.ត.កម្ម គិតទុកមុន និង ប្រើប្រាស់ ដោយខុសច្បាប់ ដោយបាញ់សម្លាប់បុរសជាបងប្រុសថ្លៃ បណ្តាលឲ្យស្លា.ប់ នៅហ្នឹងកន្លែង ដោយសារតែខឹងនឹង ជនរងគ្រោះ បដិសេធមិនស៊ីផឹក ជាមួយខ្លួន ដើម្បីដោះស្រាយ ជម្លោះរ៉ាំរ៉ៃ រវាងអ្នកទាំង២ -បងថ្លៃ-ប្អូថ្លៃ ប្រព្រឹត្តនៅក្នុង សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ មាស ណារ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជួប រតនា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ ជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ និងបង្គាប់ ឲ្យសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ១០០ លានរៀល ។

តែគាត់ប្តឹងបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីសុំកែប្រែបទចោទ និង សុំបន្ធូរបន្ថយទោស។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ« ឃា.ត.កម្ម គិតទុកមុន និង ប្រើប្រាស់អាវុធ ដោយខុសច្បាប់ » និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍មន្ត្រីនគរបាលយុត្តិធម៌, នៅពេលកើតហេតុនោះ ជនសង្ស័យ ឈ្មោះ មាស ណារ៉ា បានដកកំាភ្លើងខ្លី បា.ញ់ចំនួន៤ គ្រាប់ លើ ជនរងគ្រោះ ឈ្មោះ ជួប រតនា ត្រូវជា បងថ្លៃប្រុស របស់ខ្លួន និងបា.ញ់ចំថ្ពាល់ ចំនួន ៣ គ្រាប់ បណ្តាលឲ្យរងគ្រោះស្លា.ប់នៅកន្លែងកើតហេតុ ខាងលើ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានកាំភ្លើងខ្លី ចំនួន១ គ្រឿង ពីគាត់។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ មាស ណារ៉ា បានឆ្លើយសារភាពអំពី កំហុសរបស់ខ្លួន តែមិនទទួលយកការ កាត់ទោសគាត់ដាក់គុក ២០ ឆ្នាំ របស់តុលាការថ្នាក់ក្រោម ពីព្រោះ គាត់និយាយថា ទណ្ឌកម្មនេះ វាធ្ងន់ពេក ចំពោះរូបគាត់ ពីព្រោះគាត់គិតខុសមួយពេល គ្មានចេតនា ឬ គោលបំណង នឹងសម្លាប់ជនរងគ្រោះនោះឡើយ។

ឈ្មោះ មាស ណារ៉ា បានសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្តយទោស ដើម្បីខ្លួន ឆាប់បានវិលត្រឡបន់ ជួបជុំគ្រួសារ របស់គាត់វិញ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា