Saturday, October 23, 2021

កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធវីដេអូ។ ដែលកិច្ចប្រជុំត្រៀមនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះភាគីកម្ពុជា គឺនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការអញ្ជើញចូលរួមកិច្ចប្រជុំពីតំណាងស្ថាប័ន ត្រួតពិនិត្យគ្រឿងញៀន នៃបណ្តារដ្ឋអាស៊ាន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយកោតសរសើរ និងថ្លែងនូវអំណរអគុណចំពោះ បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលគួរកត់សម្គាល់។ ថ្លែងនូវការកោតសរសើរ ដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនឥណ្ឌូនេស៊ី ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យលើសេខក្តីព្រាងរបាយការណ៍ វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពសហគមន៍អាស៊ាន ប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ៕ រក្សាសិទ្ធិដោយ ៖ កូលាប