Saturday, October 23, 2021

សហរដ្ឋអាមេរិក ប្រកាសបើកទ្វារព្រំដែនគោក ជាមួយកាណាដា និងម៉ិកស៊ិក

រដ្ឋធានីវ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសបើកព្រំដែនគោកជាមួយប្រទេសកាណាដា និង ម៉ិកស៊ិក ក្រោយការបិទខ្ទប់ប្រទេស អស់រយៈពេល១៩ខែ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក នឹងបើកព្រំដែនគោករបស់ខ្លួនជាមួយកាណាដា និង ម៉ិកស៊ិក សម្រាប់ជនបរទេសទាំងណា ដែលបានចាក់វ៉ាក់សាំងរួចរាល់ នៅដើមខែវិច្ឆិកា។ នេះជាការបិទបញ្ចប់នូវការបិទខ្ទប់ព្រំដែន ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ដើម្បីទប់ស្កាត់នូវការរីករាលដាល ពីជំងឺកូវីដ-១៩។

លោក Alejandro Mayorkas រដ្ឋមន្រ្ដីក្រសួងសន្ដិសុខមាតុភូមិ (ក្រសួងមហាផ្ទៃ) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅខែក្រោយនេះ រដ្ឋបាល «នឹងចាប់ផ្ដើមអនុញ្ញាតដល់ធ្វើដំណើរមកពីប្រទេសម៉ិកស៊ិក និង កាណាដា ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩រួចរាល់ហើយ ដើម្បីចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដោយមិនគិតពីគោលបំណងចាំបាច់ ដោយរួមទាំងការទៅលើមិត្តភក្ដិ និងគ្រួសារ ឬការធ្វើទេសចរណ៍ តាមផ្លូវគោក និងសាឡង់ ឆ្លងកាត់ព្រំដែន»។

ការធ្វើដំណើរតាមរថយន្ដ ផ្លូវដែក និងសាឡង់ រវាងសហរដ្ឋអាមេរិក និងកាណាដា ហើយម៉ិកស៊ិក ត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំង ចំពោះការធ្វើដំណើរសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃដំបូង នៃការរីករាលដាល ពីជំងឺរាតត្បាត។ ប៉ុន្ដែបទបញ្ជាថ្មីនេះ ត្រូវបានប្រកាស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នឹងអនុញ្ញាតដល់ជនបរទេសទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ អាចចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន ដោយមិនគិតពីហេតុផល សម្រាប់ការធ្វើដំណើររបស់ពួកគេ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕រក្សាសិទ្ធិដោយ ៖ សារាយSN