Sunday, December 5, 2021

ADB បង្កើនមហិច្ឆតាផ្តល់ហិរញ្ញវត្ថុ គាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ដល់ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០

ភ្នំពេញ ៖ នៅថ្ងៃទី១៣ តុលា ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតាក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (រួមទាំងកម្ពុជាផងដែរ) ដល់ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា“ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅអាស៊ីនិងប៉ាស៊ីហ្វិកនឹងឈ្នះឬក៏ចាញ់។ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធាន របស់យើងផ្ទាល់”។

នៅឆ្នាំ ២០១៨ ADB បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ការប្រកាសថ្ងៃនេះបង្កើនមហិច្ឆតានៃការផ្តល់ហិរញ្ញប្បទានទាំងនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថាហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។

មហិច្ឆតាហិរញ្ញវត្ថុដែលបានបង្កើននេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអាកាសធាតុ DMCs ជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយបៃតង ធន់ និងបរិយាប័ន្ន។

ថវិកាចំនួន ២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុង វិស័យសំខាន់ៗចំនួន ៥គឺ៖

• ទីមួយ មធ្យោបាយថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមមានការរក្សាថាមពលប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូនកាបូនទាប។ ADB រំពឹងថាហិរញ្ញប្បទានសរុបសម្រាប់កាត់ បន្ថយការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងឈានដល់ ៦៦ ពាន់លានដុល្លារ។

• ទីពីរ គម្រោងពង្រីកការសម្របទៅនឹងការប្រែប្រួល។ គម្រោងក្នុងវិស័យងាយរងផលប៉ះពាល់ដោយសារអាកាសធាតុទាំងនេះ ដែលរួមមានដូចជា សេវាទីក្រុង កសិកម្ម និង ទឹក នឹងត្រូវបាន រចនាឡើងក្នុងគោលបំណងចម្បងសម្រាប់ការបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់។ ADB រំពឹងថាហិរញ្ញប្បទានសរុបរបស់ខ្លួនសម្រាប់សកម្មភាពបន្ស៊ាំនេះ នឹងកើនដល់ ៣៤ ពាន់លានដុល្លារ។

• ទីបី ការបង្កើនហិរញ្ញវត្ថុអាកាសធាតុក្នុងប្រតិបត្តិការវិស័យឯកជនរបស់ ADB។ វារួមបញ្ចូលទាំងការបង្កើតគម្រោងដែលអាចធ្វើពាណិជ្ជកម្មបានបន្ថែមទៀតសម្រាប់ទាំង ADB និងវិនិយោគិន ឯកជន។ ការពង្រីកនេះនឹងត្រូវបានគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការការស្តារឡើងវិញពីជំងឺរាតត្បាតនូវតម្រូវការទីផ្សារសម្រាប់ការផ្តល់ហិរញ្ញប្បទាន បច្ចេកវិទ្យានិង ការច្នៃប្រឌិតថ្មីក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ និង វិស័យអាជីវកម្មថ្មីសម្រាប់ប្រតិបត្តិការ អាកាសធាតុឯកជន។ ADB មានបំណងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះជាមួយនឹងទឹកប្រាក់សរុបចំនួន ១២ ពាន់លានដុល្លារសម្រាប់វិស័យហិរញ្ញវត្ថុអាកាសធាតុឯកជនដោយប្រើធនធានផ្ទាល់របស់ខ្លួនហើយរំពឹងថានឹងអាចកៀរគរចំនួនទឹកប្រាក់បន្ថែមពី ១៨ ពាន់លានដុល្លារទៅ ៣០ ពាន់លានដុល្លារសម្រាប់ការងារនេះ។

• ទីបួន គាំទ្រដល់ការងើបឡើងវិញបៃតង ធន់ និងបរិយាប័ន្ន ពីជំងឺកូវីដ១៩ រួមទាំងតាមរយៈ វេទិកាហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត ដូចជា វេទិកាយន្តការហិរញ្ញវត្ថុបៃតង និងការស្តារ ឡើងវិញបៃតង ជាកាតាលីករអាស៊ាន (ASEAN Catalytic Green Finance Facility and Green Recovery Platform) ដែលត្រូវបានគេរំពឹងថានឹងផ្តល់មូលនិធិពីទីផ្សារមូលធននិងវិនិយោគិន វិស័យឯកជនសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប។

• ទីប្រាំ ការគាំទ្រដល់ការធ្វើកំណែទម្រង់នៅក្នុង DMCs ដើម្បីដំណើរការសកម្មភាពផ្តល់ប្រាក់កម្ចី ផ្អែកលើគោលនយោបាយគាំទ្រដល់គោលនយោបាយ និងស្ថាប័ននានាសម្រាប់ការពង្រឹងភាពធន់ នឹងអាកាសធាតុនិងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

តាមរយៈវិស័យទាំងនេះ ADB នឹងបន្តពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប