Sunday, December 5, 2021

គយ កែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធនិងអាករ នាំចូលមានស្រាប់ ក្នុងប្រទេស

ភ្នំពេញ ៖ ដោយសារតែរថយន្តឆ្នាំម៉ូដែលក្រោមឆ្នាំ ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាក ផ្នែកហិរញ្ញវត្ថុក្នុងការបំពេញ កាតព្វកិច្ចពន្ធ និងអាករនោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ បានចេញលិខិតជម្រាបមកប្រធាននាយកដ្ឋានសាខាគយ និងការិយាល័យគយនិងរដ្ឋាករ ការកែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ ក្នុងប្រទេស ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ លើកឡើងថា ការសម្រេចបញ្ចុះពន្ធនេះ ដោយសារតែអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យឃើញមានរថយន្ត មួយចំនួន ជាពិសេសប្រភេទ ដែលមានឆ្នាំម៉ូដែលក្រោមឆ្នាំ ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាក ផ្នែកហិរញ្ញវត្ថុក្នុងការបំពេញ កាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ ក្នុងប្រទេសកាន់តែមានភាពរលូនប្រកបដោយសមធម៌ ។

ឯកឧត្តមគុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សូមជម្រាបមកលោក លោកស្រីជ្រាបថា ដោយសង្កេតឃើញមាន រថយន្តមួយចំនួនជាពិសេសប្រភេទដែលមានឆ្នាំម៉ូដែលក្រោមឆ្នាំ ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហា លំបាកផ្នែកហិរញ្ញវត្ថុក្នុងការបំពេញកាតព្វកិច្ចពន្ធនិងអាករ និងដើម្បីជំរុញឱ្យដំណើរការបង់ពន្ធអាករលើរថយន្តមាន គ្រាប់ក្នុងប្រទេសកាន់តែមានភាពរលូនប្រកបដោយសមធម៌នោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចជាថ្មី ដូចខាងក្រោម ៖

១. កែសម្រួលជាបណ្តោះអាសន្នផ្លូវតារាងតម្លៃគិតពន្ធគយលើរថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស ដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៥ ចុះ។ តារាងតម្លៃគិតពន្ធគយលើរថយន្តគ្មានពន្ធនិង អាករនាំចូលមានស្រាប់ក្នុងប្រទេសមានចែងក្នុងឧបសម្ព័ន្ធ១១ និង ១.២ ហើយតារាងប្រាក់ពន្ធនិងអាករ សរុបប៉ាន់ស្មានដែលត្រូវបង់គ្រប់ប្រភេទ មានចែងក្នុងឧបសម្ព័ន្ធ ២១, ២២, ២៣ និង ២៤ នៃលិខិតនេះ។

២. ចំពោះរថយន្តចង្កូតស្តាំ គ្មានពន្ធនិងអាករនាំចូល មានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយ លើតម្លៃរថយន្តចង្កូតឆ្វេងក្នុងតារាងឧបសម្ព័ន្ធ ១,១ និង ១,២ខាងលើ តាមដាំម៉ូដែលដូចខាងក្រោម ៖ ១- ឆ្នាំ ម៉ូដែលចាប់ពីឆ្នាំ ២០១៥ ចុះ បន្ថយ ២០% ។ ២- ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៨ បន្ថយ ១៥% និង ៣- ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២០ បន្ថយ ១០% ។

៣. ចំពោះប្រាក់ពន្ធនិងអាករដែលបានបង់លើសនាពេលកន្លងមក (តាមខ្លឹមសារលិខិតលេខ២០៧៦២១ អរ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ មកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីពិនិត្យនិងសម្រេច។

៤. ចំពោះរថយន្តស្ទូចធុនធ្ងន់ដែលមានទម្ងន់សុទ្ធលើសពី ២០តោន ត្រូវបានលើកលែងការតម្រូវឱ្យកែចង្កូត ពីស្តាំទៅឆ្វេង (យោងលិខិតលេខ ៤៦៩៣ សហវ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក ចំពោះប្រភេទរថយន្តដែលពុំមានចែង ក្នុងតារាងឧបសម្ព័ន្ធនៃលិខិតនេះ ឬក្នុងករណីមានចម្ងល់ផ្សេងៗជាយថាហេតុ ពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ លើរថយន្តមានស្រាប់ក្នុងប្រទេស សូមទាក់ទងសុំការបំភ្លឺបន្ថែមពីមន្ត្រីគយនិងរដ្ឋាករ មានសមត្ថកិច្ចនៃនាយកដ្ឋានផែនការនិងបច្ចេកទេស៕ រក្សាសិទ្ធិដោយ ៖ កូលាប