Saturday, October 23, 2021

តារាល្បីៗ និងអ្នកនយោបាយវ័យក្មេង ប្រជែងគ្នាឈរបោះឆ្នោត ដណ្ដើមតំណែងប្រធានាធិបតីហ្វីលីពីន

រដ្ឋធានីម៉ានីល ៖ នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន នាឆ្នាំ២០២២ខាងមុខនេះ តារាល្បីៗ និងអ្នកនយោបាយសុទ្ធតែវ័យក្មេងៗ របស់ហ្វីលីពីន បានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ចូលរួមប្រកួតប្រជែង ដណ្ដើមកាន់កាប់តំណែងកំពូលនេះ។

បណ្តាញព័ត៌មាន CNN បានផ្សាយថា នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន នាឆ្នាំ២០២២ ខាងមុខនេះ មានតារាល្បីៗ និងអ្នកនយោបាយវ័យក្មេងជាច្រើនរូប បានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ខ្លះមកពីវិស័យសិល្បៈ កីឡាប្រដាល់ និងអ្នកនយោបាយ។ បេក្ខភាពប្រធានាធិបតីវ័យក្មេងរបស់ហ្វីលីពីនទាំងនោះ រួមមាន កូនប្រុសរបស់លោក Ferdinand Marcos គឺលោក Ferdinand “Bongbong” Marcos Jr, លោក ម៉ានី ប៉ាក់គីអាវ ស្តេចប្រដាល់ដ៏ល្បីល្បាញរបស់ពិភពលោកទទួលស្គាល់, លោកស្រី Leni Robredo អនុប្រធានាធិបតីហ្វីលីពីន និងលោក Isko Moreno តារាសម្តែង ដែលបច្ចុប្បន្នកាន់តំណែងជាអភិបាលរដ្ឋធានីម៉ានីល ។

រហូតមកដល់ពេលនេះ បើទោះជាយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងប្រទេសហ្វីលីពីន នៅមិនទាន់ចាប់ផ្តើមក្តី ក៏មានសកម្មភាពជាច្រើន គួរឲ្យចាប់អារម្មណ៍ ដោយសារមានតារាជាច្រើនរូប និង អ្នកនយោបាយសុទ្ធតែវ័យក្មេង បានចុះឈ្មោះ ឈរជាបេក្ខភាពប្រធានាធិបតី។ បើសម្លឹងមើល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ជាវេលាចុងក្រោយបង្អស់ សម្រាប់ការចុះឈ្មោះបេក្ខភាពប្រធានាធិបតី នោះ គឺមានបេក្ខភាពលេចធ្លោជាច្រើនរូប។

លោក Richard Heydarian សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយហ្វីលីពីន បានបញ្ជាក់ថា រហូតមកទល់ពេលនេះ លោកគិតមើលឃើញថា មិនទាន់មានបេក្ខភាពណាមួយលេចធ្លោដាច់គេ នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីពីននោះទេ។ ករណីនេះ ធ្វើឲ្យការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០២២ខាងមុខនេះ ក្លាយជាការប្រកួតប្រជែងដ៏តានតឹងបំផុត រហូតមិនអាចទស្សន៍ទាយបានមុនឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN