រដ្ឋធានីវ៉ាស៊ីនតោន ៖ វិស្វករនុយក្លេអ៊ែរម្នាក់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានលួចលក់ពីការរចនា (Design) របស់នាវាចម្បាំង ដើរដោយឋាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង ទៅឲ្យមន្រ្ដីបរទេសម្នាក់ ដែលជាតំណាងឲ្យប្រទេសមហាអំណាច ហើយត្រូវភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI បានស្រាវជ្រាវដឹង ហើយចាប់ខ្លួន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា វិស្វករនុយក្លេអ៊ែររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់ មានតួនាទីគ្រប់គ្រងព័ត៌មានសម្ងាត់របស់កងទ័ព ត្រូវបានចោទប្រកាន់ពីការព្យាយាមផ្ដល់ព័ត៌មានសម្ងាត់ អំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកទៅឲ្យមន្រ្ដីបរទេស ដែលគេជឿថា ជាតំណាងឲ្យប្រទេសមហាអំណាចណាមួយ។ លោក Jonathan Toebbe អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹងប្រពន្ធរបស់គាត់ ឈ្មោះ Diana អាយុ៤៥ឆ្នាំ។
ក្រសួងយុត្ដិធម៌របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Jonathan Toebbe បានលួចលក់ការឌីហ្សាញនាវាចម្បាំងជាច្រើនគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ឲ្យទៅមន្រ្ដីបរទេស។ ករណីនេះ ត្រូវបាន FBI ស្រាវជ្រាវរកឃើញ ហើយវិស្វករនុយក្លេអ៊ែររូបនោះ និងប្រពន្ធរបស់គាត់ ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ចារកម្ម» បន្ទាប់ពីការចោទប្រកាន់ពីបទ «ប៉ុនប៉ងលក់ព័ត៌មានសម្ងាត់របស់យោធាសហរដ្ឋអាមេរិក»។

យោងតាមកំណត់ត្រារបស់តុលាការ បានបង្ហាញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា លោក Jonathan Toebbe និងភរិយារបស់គាត់ ឈ្មោះ Diana Toebbe ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទ «រំលោភលើច្បាប់ថាមពលអាតូមិករបស់សហរដ្ឋអាមេរិក» បន្ទាប់ពីពួកគេប៉ុនប៉ងលក់ការរចនាប្លង់នាវាចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង ទៅឱ្យមន្រ្ដីបរទេសម្នាក់ ដែលគេជឿថា ជាតំណាងឲ្យប្រទេសអំណាចបរទេសណាមួយនោះ។
ក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Toebbe ដែលមានតួនាទីកាន់កាប់ផ្នែក Security Clearance ដោយមិនបានទាក់ទង ដោយចេតនាជាមួយភ្នាក់ងារ FBI ហើយបានបញ្ជូនព័ត៌មានសម្ងាត់ខាងយោធាដ៏រសើប នៅក្នុងគ្រោងការណ៍ ដែលរយៈពេលជិតមួយឆ្នាំ ទៅឲ្យបរទេស។ FBI បានចាប់ខ្លួនលោក Toebbe និងប្រពន្ធរបស់គាត់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

លោក Merrick B Garland រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ថា «លោកស្វាគមន៍ចំពោះការចាប់ខ្លួនខាងលើនេះ។ ការងាររបស់ FBI, ក្រសួងយុត្តិធម៌, ភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពជើងទឹក និង ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបញ្ឈប់ផែនការចារកម្ម ហើយចាត់វិធានការជាជំហានដំបូង ក្នុងការនាំជនល្មើស មកកាត់ទោស»។
លោក Toebbe ជាបុគ្គលិកម្នាក់ នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់កងទ័ពជើងទឹក (Naval Nuclear Propulsion Program) ដែលត្រូវគេស្គាល់ថា រ៉េអាក់ទ័រនាវាចរណ៍ ហើយមានលទ្ធភាពទទួលបានព័ត៌មានទាក់ទង នឹងធាតុផ្សំពីការឌីហ្សាញនាវាយោធារបស់សហរដ្ឋអាមេរិក និងលក្ខណៈប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រ សម្រាប់នាវាចម្បាំងបំពាក់ ដោយថាមពលនុយក្លេអ៊ែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN





