ទីក្រុងតៃប៉ិ ៖ រហូតមកដល់ពេលនេះ ស្ថានភាពនយោបាយ រវាងចិន និង តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលប្រធានាធិបតីចិន បានសច្ចា ត្រូវតែបង្រួបបង្រួមជាតិឡើងវិញឲ្យបានសម្រេចជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្ដែរដ្ឋាភិបាលតៃប៉ិ នៅតែអះអាងថា ខ្លួននឹងមិនចុះចាញ់នឹងរដ្ឋាភិបាលទីក្រុងប៉េកាំង នោះឡើយ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីកោះតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសុន្ទរកថាប្រឆាំងមួយ ចំពេលមានភាពតានតឹងមកលើដែនកោះតៃវ៉ាន់ ថា «តៃវ៉ាន់ នឹងមិនឱនក្បាលដាក់ចិន នោះឡើយ ហើយតៃវ៉ាន់នឹងការពារដែនកោះរបស់ខ្លួន ដោយរស់នៅតាមបែបប្រជាធិបតេយ្យ»។
ការធ្វើអត្ថាធិប្បាយរបស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីកោះតៃវ៉ាន់ នៅទិវាជាតិតៃវ៉ាន់ ប្រឆាំងនឹងចិននេះ បានកើតឡើង ក្រោយពេលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន សច្ចាត្រូវតែបង្រួបបង្រួមជាតិឡើងវិញឲ្យបានសម្រេច។
ដោយឡែក រដ្ឋាភិបាលចិន បានថ្កោលទោសចំពោះសុន្ទរកថារបស់លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ ថា ការថ្លែងបែបនេះ «ជាការញុះញង់ នាំឲ្យមានការប្រឈមមុខដាក់គ្នាទៅវិញ»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ តៃវ៉ាន់តែងតែចាត់ទុកខ្លួនថា ជារដ្ឋអធិបតេយ្យមួយ ខណៈចិនចាត់ទុកតៃវ៉ាន់ថា ជាអាណាខេត្តមួយ ដែលបំបែកខ្លួន ចេញពីប្រទេសចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែមិនលុបចោលការប្រើប្រាស់កម្លាំងយោធាណាមួយ ដែលអាចធ្វើទៅបាន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិនោះ។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ចិនបានបញ្ជូនយន្ដហោះយោធាជាច្រើនគ្រឿង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ យន្ដហោះយោធារបស់ចិនទាំងនោះ រួមមាន យន្ដហោះប្រយុទ្ធ យន្ដហោះប្រឆាំងនឹងនាវាមុជទឹក…ជាដើម។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្រូវបានជាប់ឆ្នោតជាថ្មី កាលពីឆ្នាំទៅ ដោយបានសន្យា ប្រឈមមុខដាក់ចិន។ ចំណែកសុន្ទរកថារបស់លោកស្រី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តៃវ៉ាន់កំពុងឈរលើបន្ទាត់ដំបូងរបស់ខ្លួន ការពារប្រជាធិបតេយ្យ។ លោកស្រីប្រធានាធិបតី បានគាំទ្រដល់កិច្ចការពារជាតិរបស់ខ្លួន ដើម្បីឲ្យប្រាកដថា មិនមានអ្នកណាម្នាក់ អាចបង្ខំឲ្យតៃវ៉ាន់ ត្រូវដើរតាមផ្លូវ ដែលចិនដាក់កំហិតឲ្យយើងដើរនោះឡើយ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានបន្ថែមថា យន្ដហោះយោធារបស់ចិន ជាច្រើនគ្រឿង បានហោះរំលោភ ចូលមកលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ហើយនេះជាការបង្ហាញពីសញ្ញាគំរាមកំហែងដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរ និងសុវត្ថិភាពផ្លូវអាកាស ហើយករណីនេះមានភាពស្មុគស្មាញ ជាងកាលពី៧២ឆ្នាំមុន។ ទោះជាយ៉ាងណាលោកស្រី បានបញ្ជាក់ដដែលៗ អំពីការចរចាជាមួយនឹងមេដឹកនាំចិន ក្នុងភាពស្មើគ្នា ហើយលោកស្រីស្នើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ឈប់ដាក់ឈ្មោះលោកស្រី ជាក្រុមបំបែកខ្លួន។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ដោយសារតែរងការគំរាមកំហែងពីចិន ទើបតៃវ៉ាន់បានចំណាយថវិកាជាតិរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់ទិញគ្រឿងសព្វាវុធ និងយន្ដហោះទំនើបៗ មកពីសហរដ្ឋអាមេរិក ដើម្បីយកមកត្រៀម ទុកធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ចិន៕ រក្សាសិទ្ធិដោយ ៖ សារាយ SN





































