ទីក្រុងឡុងដ៍ ៖ រហូតមកដល់ពេលនេះ មានអ្នកនយោបាយល្បីៗជាច្រើន កំពុងតែប្រើប្រាស់ក្រុមហ៊ុនបរទេស សម្រាប់ទិញអចលនទ្រព្យ ជាង ១ ៥០០ មានតម្លៃជាង៤ពាន់លានផោន ស្មើនឹងជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានរកឃើញ ដោយការស៊ើបអង្កេតរបស់ BBC ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ថា ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងអចលនទ្រព្យនេះ ត្រូវបានបែកធ្លាយ នៅក្នុង Pandora ពាក់ព័ន្ធនឹងឯកសារហិរញ្ញវត្ថុ នៅឯនាយសមុទ្រ និងបញ្ជីទ្រព្យសម្បត្តិ ដែលមានតម្លៃប៉ាន់ប្រមាណច្រើនជាង៤ ពាន់លានផោន។ ម្ចាស់អចលនទ្រព្យទាំងនោះ រួមទាំង អ្នកនយោបាយបរទេសល្បីៗ ដែលជាបុគ្គលត្រូវបានចោទប្រកាន់ ពីអំពើពុករលួយ និង ម្ចាស់ជំនួយខាងនយោបាយរបស់អង់គ្លេស។
រដ្ឋមន្រ្ដីអង់គេ្លសជាច្រើនរូប បានបញ្ជាក់ថា ពួកគេនឹងលើកយកករណីនេះ សម្រាប់បង្កើតជាច្បាប់ ខណៈពួកគេមានពេលវេលា នៅក្នុងរដ្ឋសភា។ ជាមួយគ្នានេះ រដ្ឋាភិបាល បានសន្យាថា នឹងដាក់ចេញជាច្បាប់ ដែលតម្រូវឱ្យដាក់ឈ្មោះទ្រព្យសម្បត្តិទាំងនោះ តាមរយៈក្រុមហ៊ុនបរទេស ក្នុងគោលបំណងលុបបំបាត់ការលាងលុយខ្មៅ។

សារព័ត៌មាន BBC ក៏បានធ្វើការជាមួយសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) ស្ថាប័នហិរញ្ញវត្ថុ និងបណ្តាញផ្សព្វផ្សាយដទៃទៀត ដើម្បីកំណត់អត្តសញ្ញាណ នៅក្នុងឯកសារលេចធ្លាយរបស់បុគ្គល នៅពីក្រោយក្រុមហ៊ុនបរទេសដែលជាម្ចាស់កម្មសិទ្ធិនៅប្រទេសអង់គ្លេស និងវែលស៍ (Wales) ។
ការកាន់កាប់អចលនទ្រព្យ តាមរយៈក្រុមហ៊ុន នៅឯនាយសមុទ្រ គឺស្របច្បាប់ ហើយមិនមានសំណូមពរ នៃការធ្វើខុសក្នុងការប្រើប្រាស់ក្រុមហ៊ុនបរទេស ដើម្បីទិញទ្រព្យសម្បត្តិនោះទេ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានលើកឡើងពីការវាយតម្លៃផ្ទាល់របស់ខ្លួន ចំពោះការលាងលុយកខ្វក់ សម្រាប់ទីផ្សារអចលនទ្រព្យពី «មធ្យម» ទៅជា «ខ្ពស់»ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








