បរទេស ៖ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩កូវីដ-១៩ នៅតាមបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ហាក់មានការថយចុះ ប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិក នៅតែផ្ទុះការឆ្លងថ្មី នៃជំងឺកូវីដ-១៩ ខ្លាំង ដោយមានករណីស្លាប់ថ្មី ១ ៨០០នាក់។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង ៤៦៣ ០០០នាក់ និងមានករណីស្លាប់ថ្មី ៧ ២៣១នាក់។ ចំនួននេះ មានការថយចុះច្រើន បើធៀបនឹងរយៈពេលកន្លងមក នៃការផ្ទុះជំងឺរាតត្បាតនេះ។
គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ២៣៥លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ជាង៤,៨លាននាក់ និងមានអ្នកជាសះស្បើយ ជាង២១១,៧លាននាក់។ ដោយឡែកអ្នកជំងឺចំនួន១៨,៤លាននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៨៨ ៧៣៣នាក់។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ហើយនៅពេលនេះ រកឃើញករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១១៦ ០៧០នាក់ និង មានអ្នកស្លាប់ថ្មី ១ ៨០០នាក់។ សហរដ្ឋអាមេរិក រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង៤៤,៤លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៧១៨ ៩៦៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣៣,៨លាននាក់។ ដោយឡែកអ្នកជំងឺ ជាង៩,៩លាននាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ២០ ០៨៨នាក់។
ដោយឡែក ចិន ជាប្រទេសដើមកំណើតជំងឺកូវីដ-១៩ រកឃើញករណីថ្មី ៣៤នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិន ឈរនៅលើលេខរៀងទី១១២ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ១៦២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩០ ៦៣៤នាក់ ហើយអ្នកជំងឺ ចំនួន៨៩២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយ SN
សូមមើលតារាង នៃបច្ចុប្បន្នភាពរបស់ប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖











