បរទេស ៖ បច្ចុប្បន្ន វីរុសកូវីដ-១៩ កំពុងតែរាតត្បាត នៅលើប្រទេស និងដែនដី ចំនួន២២០ នៅទូទាំងពិភពលោក បង្កឲ្យមានក្ដីកង្វល់ដល់មនុស្ស ជាមាតាបិតា និង អាណាព្យាបាល កាន់តែមានក្ដីកង្វល់យ៉ាងខ្លាំង អំពីការឆ្លងវីរុសកូវីដ-១៩ទៅលើក្មេងតូច ជាពិសេស ទារកទើបនឹងកើត ខណៈម្ដាយរបស់ពួកគេ បានឆ្លងវីរុស។ ប៉ុន្ដែបើតាមការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ដមួយ បានរកឃើញថា ទឹកដោះម្ដាយ អាចបញ្ជូនអង់ទីគ័រដល់ទារក ទប់ទល់ប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះបាន។

សារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា ការបំបៅកូនដោយទឹកដោះម្ដាយដល់ទារក ជាការប្រសើរខ្លាំងណាស់ អាចទប់ទល់ប្រឆាំងនឹងវីរុសកូវីដ-១៩បាន។ មាតាគ្រប់រូប អាចបញ្ជូនអង់ទីគ័រ (អង្គបដិប្រាណ) ទប់ទល់ ប្រឆាំងនឹងជំងឺកូវីដ-១៩ដល់ទារករបស់ពួកគាត់បាន តាមរយៈទឹកដោះម្ដាយ រហូតដល់រយៈពេល១០ខែ។
ការស្រាវជ្រាវចុងក្រោយនេះ រកឃើញថា អង្គបដិប្រាណ មាននៅក្នុងទឹកដោះម្ដាយ រហូតដល់១០ខែ ក្រោយការឆ្លងជំងឺកូវីដ-១៩។ ករណីនេះ ទារកនឹងមានសុវត្ថិភាព គេចផុតពីជំងឺកូវីដ-១៩ ខណៈមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ អាចត្រូវការព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនេះ អង្គបដិប្រាណ ក្នុងទឹកដោះម្ដាយ អាចនឹងត្រូវប្រើប្រាស់ ដើម្បីបង្កើតវិធីសាស្រ្ដថ្មី សម្រាប់ព្យាបាលជំងឺកូវីដ-១៩ដល់មនុស្សពេញវ័យថែមទៀតផង។

ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ក៏បានរកឃើញថា ម្ដាយដែលរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ក៏អាចបញ្ជូនអង្គបដិប្រាណដល់ទារករបស់ពួកគាត់ តាមរយៈទឹកដោះម្ដាយ រហូតដល់រយៈពេល១០ខែ។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានប្រមូលទឹកដោះ ពីស្រ្ដីចំនួន៧៥នាក់ ដែលទើបនឹងជាសះស្បើយ ពីជំងឺកូវីដ ហើយបានពិនិត្យរកប្រូតេអ៊ីន (Proteins) ប្រឆាំងនឹងវីរុស។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញទៀតថា ៨៨ភាគរយ នៃស្រ្ដីដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន ចំពោះអង្គបដិបក្ខ ដែលរារាំងវីរុស មិនឱ្យឆ្លងមេរោគ នៅក្នុងផ្លូវដង្ហើម។
ការសិក្សាថ្មីមួយ បានរកឃើញទៀតថា ម្ដាយធ្លាប់ឆ្លងកូវីដ-១៩ ក៏អាចជួយការពារទារករបស់ពួកគាត់បាន ក្នុងរយៈពេល១០ខែ តាមរយៈអង្គបដិប្រាណយ៉ាងពិសេស ឆ្លងកាត់ទឹកដោះម្ដាយ។ បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវ កំពុងតែគិតពិចារណា ថាតើអង្គបដិប្រាណយ៉ាងពិសេសនៅក្នុងទឹកដោះម្ដាយទាំងនេះ អាចនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់បង្កើតវិធីព្យាបាលថ្មី ដើម្បីជួយការពារដល់មនុស្សពេញវ័យ ឲ្យគេចផុតពីជំងឺកូវីដ-១៩នេះឬយ៉ាងណា។
បើតាមការធ្វើតេស្ដ នៅក្នុងមន្ទីរពិសោធន៍ផ្សេងៗទៀត បានបង្ហាញថា សំណាកទឹកដោះម្ដាយ ដែលមានផ្ទុកវីរុសកូវីដ ភាគច្រើន វាអាចបន្សាបមេរោគ។ បើតាមលទ្ធផល នៃការស្រាវជ្រាវនេះ បង្ហាញថា ការបំបៅទារក ដោយទឹកដោះម្ដាយ នឹងអាចទទួលបានការការពារយ៉ាងហោចណាស់ ក៏មួយផ្នែកដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










