Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតចៅក្រមជាស្រ្ដីអហ្វហ្គានីស្ថានជាង២០០នាក់ រស់នៅទាំងការភ័យខ្លាច ពីការតាមប្រមាញ់សងសឹករបស់ឧក្រិដ្ឋជន

រដ្ឋធានីកាប៊ូល ៖ ក្រោយពេល តាលីបង់ រឹបអូសអំណាច ពីរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នោះមក ចៅក្រមជាស្រ្ដីអាហ្វហ្គានីស្ថាន ជាង២២០នាក់ កំពុងតែរស់នៅក្នុងការភ័យខ្លាច ក្រោមរបបគ្រប់គ្រងរបស់មេដឹកនាំថ្មី ដែលមានបាតដៃប្រលាក់ឈាម ហើយឃាតក ក៏កំពុងតែតាមប្រមាញ់ដល់អតីតចៅក្រមទាំងនោះ ដោយសារពួកគាត់ ធ្លាប់ចេញដីកាចាប់ ឬផ្ដន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងនោះ។

ចាប់តាំងពី សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានលើកទ័ព ចូលលុកលុយ ហើយផ្ដួលរំលំរបបគ្រប់គ្រងដ៏ឃោរឃៅរបស់តាលីបង់ ដែលត្រួតត្រាប្រទេសអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ នោះមក ស្រ្ដីអាហ្វហ្គានីស្ថាន មានភ័ព្វវាសនា បានក្លាយជាចៅក្រម។ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ ចៅក្រមជាស្រ្ដី នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ បានកើនឡើង រហូតដល់ជាង២២០នាក់ បានជួយបំពេញតួនាទី នៅក្នុងការស្វែងរកយុត្ដិធម៌ជូនដល់ជនរងគ្រោះ។

ទោះជាយ៉ាងណា ក្រោយផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Asraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយតាលីបង់ បានវិលត្រឡប់ មកកាន់កាប់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សាជាថ្មីនោះ ក្រុមឧទ្ទាមប្រដាប់អាវុធនេះ បានដោះលែងពួកឧក្រិដ្ឋជន ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារ។ ប៉ុន្ដែក្រុមឧក្រិដ្ឋជនទាំងនោះ ក៏កំពុងតែតាមស្វែងរកសងសឹកទៅលើចៅក្រមជាស្រ្ដី ដែលធ្លាប់បានចេញដីកាចាប់ ឬផ្ដន្ទាទោសដល់ពួកគេ។ ករណីនេះបានធ្វើឲ្យចៅក្រមជាស្រ្ដីអាហ្វហ្គានីស្ថាន ទាំងជាង២២០នាក់នោះ កំពុងតែសំងំលាក់ខ្លួន ទាំងការភ័យខ្លាច។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ថា អតីតចៅក្រមជាស្រ្ដីអាហ្វហ្គានីស្ថាន ចំនួន៦នាក់ បានប្រាប់ដល់ BBC មកពីទីកន្លែងផ្សេងគ្នា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយពួកគាត់ បានត្រូវផ្លាស់ឈ្មោះ ដើម្បីសុវត្ថិភាពថា ចៅក្រមជាស្ដ្រីជនជាតិអាហ្វហ្គានីស្ថាន ជាង២២០នាក់ កំពុងតែលាក់ខ្លួន ព្រោះភ័យខ្លាចមានការសងសឹក ក្រោមការគ្រប់គ្រងរបស់តាលីបង់។

ចៅក្រមជាស្រ្ដីជនជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ពេញមួយអាជីពជាចៅក្រម ធ្លាប់ចេញដីកាផ្ដន្ទាទោស លើបុរសរាប់រយនាក់ ពាក់ព័ន្ធនឹងបទល្មើស «ប្រើអំពើហិង្សាលើស្រ្ដី ចាប់រំលោភសេពសន្ថវៈ ឃាកម្ម និងការធ្វើទារុណកម្ម…ជាដើម។ ប៉ុន្ដែក្រោយពេលតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ហើយវិលមកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានសាជាថ្មី ពួកឧក្រិដ្ឋជនរាប់ពាន់នាក់ ដែលជាប់ត្រូវផ្ដន្ទាទោស ពីបទឧក្រិដ្ឋនោះ ត្រូវតាលីបង់ដោះលែងចេញពីគុក ហើយពួកគេក៏កំពុងតែតាមសងសឹកដល់ចៅក្រមទាំងនោះ។

ចៅក្រមជាស្រ្ដីជនជាតិអាហ្វហ្គានីស្ថាន បានបន្ថែមថា បច្ចុប្បន្ន អតីតចៅក្រម ជាស្រ្ដីជនជាតិអាហ្វហ្គានីស្ថាន កំពុងតែលាក់ខ្លួន ហើយរស់នៅទាំងការភ័យខ្លាច ក្រោមរបបគ្រប់គ្រងរបស់តាលីបង់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×