រដ្ឋធានីមូស្គូ ៖ យន្ដហោះចម្បាំងរុស្ស៊ី ចំនួន៣គ្រឿង បានហោះដេញស្ទាក់យន្ដហោះទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិក B-52 ខណៈកំពុងហោះ សំដៅមកកាន់ដែនអាកាសរបស់រុស្ស៊ី នៅលើសមុទ្រប៉ាស៊ីហ្វិក។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី«Tass» ចេញផ្សាយ ហើយត្រូវបាន CNN ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា យន្ដហោះចម្បាំងរុស្ស៊ី បានហោះស្ទាក់ យន្ដហោះទម្លាក់គ្រាប់បែក B-52H របស់យោធាសហរដ្ឋអាមេរិក ហើយត្រូវបានគេរាយការណ៍ថា ហោះចូលមកជិតដែនអាកាសរបស់រុស្ស៊ី នៅលើសមុទ្រប៉ាស៊ីហ្វិក។
មជ្ឈមណ្ឌលបញ្ជាការការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួន៣គ្រឿង ប្រភេទ Sukhoi-35 បានហោះស្ទាក់យន្ដហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលកំពុងហោះ ចូលមកដែនអាកាសរុស្ស៊ី។ អាកាសយានិកយន្ដហោះចម្បាំងរុស្ស៊ី បានបញ្ជាក់ទៅលើគោលដៅនោះថា ជាយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H របស់សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបញ្ជាការការពារជាតិរុស្ស៊ី បានបន្ដថា ករណីនេះ សហរដ្ឋអាមេរិក មិនបានរំលោភបំពាន លើព្រំដែនរដ្ឋរបស់រុស្ស៊ី ឬបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះ នៅលើអាកាសនោះទេ។ យន្ដហោះចម្បាំង បានគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងហ្មត់ ហើយបានវិលត្រឡប់មកកាន់មូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីយន្តហោះអាមេរិក បានហោះឃ្លាត ឆ្ងាយពីព្រំដែនរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN






