រដ្ឋធានីវ៉ាស៊ីនតោន ៖ បច្ចុប្បន្ន ក្រៅតែពីការបង្កើតវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩នោះ ក្រុមហ៊ុនផលិតឱសថជាច្រើនរបស់សហរដ្ឋអាមេរិក កំពុងតែខិតខំស្រាវជ្រាវ និងបង្កើតថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ហើយប្រទេសមហាអំណាចលោកខាងលិចមួយនេះ រំពឹងថា ខ្លួននឹងអាចផលិតថ្នាំលេប សម្រាប់ព្យាបាលជំងឺដ៏កាចសាហាវនេះ នៅចុងឆ្នាំ២០២១។

បើតាមសារព័ត៌មាន NBC News បានផ្សាយថា លោក Robert Davis នាយកប្រតិបត្ដិក្រុមហ៊ុន Merck បានបញ្ជាក់ថា នៅខែនេះ ក្រុមហ៊ុនរំពឹងលើទិន្នន័យទទួលបានមកពីការសាកល្បងដ៏ធំ នៅក្នុងដំណាក់កាលទី៣ ននៅក្នុងប៉ុន្មានសប្ដាហ៍មកនេះ។ ក្រុមហ៊ុន Mercក ក៏នឹងស្នើសុំទៅរដ្ឋបាល ចំណីអាហារសហរដ្ឋអាមេរិក (FDA) ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នូឱសថគ្រាប់ «Molnupiravir» សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅចុងឆ្នាំនេះ។
បច្ចុប្បន្ន ក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិកមួយនេះ កំពុងតែសហការជាមួយនឹងក្រុមហ៊ុន Ridgeback Biotherapeutics បង្កើតថ្នាំលេប «Molnupiravir» សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ បច្ចុប្បន្ន ឱសថ «Molnupiravir» កំពុងតែដំណើរសាកល្បង ឈានដល់ដំណាក់កាលទី៣ហើយ។ ចំណែកការសាកល្បងដំណាក់កាលចុងក្រោយនេះ ក៏កំពុងតែធ្វើឡើង នៅទូទាំងពិភពលោក ដោយរួមទាំង ជប៉ុន ផងដែរ។

ក្រុមហ៊ុន Merck បានបញ្ជាក់ថា ឱសថគ្រាប់ «Molnupiravir» នេះ ត្រូវបានបង្កើតឡើង ជាលើកដំបូង សម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែគេរំពឹងថា ឱសថនេះ អាចនឹងមានប្រសិទ្ធភាព ព្យាបាលជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទិញឱសថគ្រាប់ «Molnupiravir» រហូតដល់ទៅ១,២ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Merck ក៏កំពុងរៀបចំផលិតបន្ថែមទៀត នៅត្រឹមចុងឆ្នាំនេះ។
ដោយឡែក ក្រុមហ៊ុន Pfizer ក៏កំពុងបង្កើតថ្នាំលេប ប្រឆាំងមេរោគពីរប្រភេទ ដោយផ្អែកលើការព្យាបាល សម្រាប់រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ឬជំងឺ SARS ។ បច្ចុប្បន្ន Pfizer ក៏កំពុងតែសាកល្បងឱសថគ្រាប់របស់ខ្លួនផងដែរ។ ឱសថទាំងនេះ ត្រូវបានផលិតឡើង សម្រាប់ព្យាបាលអ្នកជំងឺស្រាល ឬមធ្យម ដែលមិនតម្រូវឲ្យបញ្ជូនទៅចូលព្យាបាល នៅក្នុងមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















