បរទេស ៖ រហូតមកដល់ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក មានការថយចុះទាំងចំនួនស្លាប់ និងឆ្លងប្រចាំថ្ងៃ ដោយមានអ្នកឆ្លងថ្មីជាង៣២០ ០០០នាក់ និងស្លាប់ថ្មីជិត៥ ០០០នាក់។

គេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដថ្មី ៣២៣ ០០១នាក់ និងករណីស្លាប់ថ្មី ៤ ៩០១នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងសរុបជាង ២៣២,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង៤,៧លាននាក់ និងមានអ្នកជាសះស្បើយ ជាង២០៩,១លាននាក់ ។
សម្រាប់ថ្ងៃនេះ អង់គ្លេស ក្លាយជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងថ្មី ៣២ ៤១៧នាក់ និងមានករណីស្លាប់ថ្មីស៥៨នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៧,៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៣៦ ១៦៨នាក់ និង មានអ្នកជាសះស្បើយ ជាង៦,១លាននាក់។

ដោយឡែក រុស្ស៊ី សម្រាប់ថ្ងៃនេះ ក៏ក្លាយជាប្រទេស មានអ្នកស្លាប់ថ្មី ដោយកូវីដច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក ដោយអ្នកស្លាប់ ចំនួន៨០២នាក់ និងមានករណីឆ្លងថ្មី ២២ ៤៩៨នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៧,៤លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ២០៣ ៩០០នាក់ និង មានអ្នកជាសះស្បើយ ជាង៦,៦លាននាក់។
សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ២៤ ៣៤៣នាក់ និង មានករណីស្លាប់ថ្មី ២៥៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង ៤៣,៧លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៧០៦ ៣១៧នាក់ និង មានអ្នកជាសះស្បើយ ជាង៣៣,១លាននាក់។
ចិន ជាប្រទេសប្រភពដើមកំណើត នៃវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២៩នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរនៅលំដាប់លេខរៀងទី១១១ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ០១៥នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទាំងនោះ មានអ្នកបាត់បង់ជីវិត ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩០ ៣៦៦នាក់ ហើយអ្នកជំងឺចំនួន ១ ០១៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖សារាយ SN
សូមអានតារាង នៃបណ្ដាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេមួយចំនួន នៅលើពិភពលោក៖













