រាជធានីអូតតាវ៉ា ៖ ក្រោយពេលកាណាដា បានសម្រេចដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុនហួវ៉ៃ អាជ្ញាធរចិនក៏បានសម្រេច ដោះលែងបុរសកាណាដា២នាក់ ដែលជាប់ចោទពីបទ «ចារកម្ម» ហើយករណីចោទប្រកាន់ទាំងនេះ ត្រូវបានគេមើលឃើញថា ជាការសងសឹកគ្នាទៅវិញទៅមក រវាងចិន និងកាណាដា។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ថា ចិនបានដោះលែងជនជាតិកាណាដា២រូប គឺលោក Michael Spavor និងលោក Michael Kovrig ។ ពួកគេទាំង២នាក់នេះ ត្រូវបានអាជ្ញាធរចិន ចោទប្រកាន់ពីបទ «ចារកម្ម» ក្រោយ២ថ្ងៃ នៃការចាប់ខ្លួនរបស់លោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា «Huawei» ដែលបានធ្វើឡើង ពីសំណាក់ប៉ូលិសកាណាដា តាមសំណើរបស់សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទ «កេងបន្លំ» កាលពីអំឡុងឆ្នាំ២០១៨។ ប៉ុន្ដែ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានទម្លាក់ចោលសំណើ ធ្វើបត្យាប័ន សម្រាប់លោកស្រី Meng Wanzhou ។
លោក Justin Trudeau នាយករដ្ឋមន្រ្ដីកាណាដា បានប្រកាសថា ជនជាតិកាណាដា២នាក់ ត្រូវដោះលែង ចេញពីការឃុំឃាំងខ្លួនរបស់ចិន ហើយពួកគេនឹងធ្វើដំណើរវិលត្រឡប់មកដល់ប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗនេះ។

លោក Michael Spavor និងលោក Michael Kovrig ត្រូវបានអាជ្ញាធរចិន ចោទប្រកាន់ពីបទ«ចារកម្ម» នៅក្នុងឆ្នាំ២០១៨។ ការចោទប្រកាន់ដល់បុរសកាណាដាទាំង២នាក់នេះ បានកើនឡើង អស់យៈពេលជាច្រើនថ្ងៃ ក្រោយពេលប៉ូលិសកាណាដា ចាប់ខ្លួនលោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា «Huawei» តាមដីការបស់សហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ ៖ សារាយSN



