Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃមានសុទិដ្ឋនិយម នឹងសម្រេចផែនការនាំអង្ករចេញ ទៅកាន់ទីផ្សារពិភពលោក

រាជធានីធានីបាងកក ៖ បច្ចុប្បន្ន ថៃកំពុងតែបង្កើនការនាំអង្ករចេញទៅកាន់ទីផ្សាររបស់ពិភពលោក ហើយប្រទេសអាស៊ានមួយនេះ នឹងសម្រេចបានផែនការនាំអង្ករចេញរបស់ខ្លួន នៅចុងឆ្នាំនេះ ក្រោមគំនិតផ្ដួចផ្ដើម «នឹកអង្ករ នឹកដល់ថៃ»។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ហៅកាត់ DFT របស់ថៃ បានបញ្ជាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា ថា ការនាំចេញអង្កររបស់ប្រទេស នឹងវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ក្នុងរយៈពេលបីខែជាប់ៗគ្នា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។ នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់ការនាំអង្ករចេញទៅកាន់ទីផ្សាររបស់ពិភពលោកនេះ ដោយសារបរិមាណផលិតកម្មកើនឡើង ស្របពេលប្រាក់បាតថៃ ចុះថ្លៃ។

លោក Keerati Rushchano អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស (DFT) បានថ្លែងថា ការនាំអង្ករចេញ នៅក្នុងខែមិថុនា និង កក្កដា ឆ្នាំ២០២១ បានកើនឡើង ៧,៣៥ភាគរយ បើធៀបនឹងអំឡុងដូចគ្នា កាលពីឆ្នាំ២០២០។ ការអះអាងបែបនេះ ក៏ដោយសារតែផ្អែកលើពាក្យសុំអាជ្ញាប័ណ្ណនាំអង្ករចេញ ដែល DFT ទទួលបាន គឺអង្ករ ចំនួន ៨៣១ ២៦០ តោន ត្រូវបាននាំចេញ ទៅកាន់ទីផ្សារពិភពលោក ក្នុងខែសីហា និង ៦៣១ ៣៦៣ តោន នៅក្នុងខែកញ្ញា។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កំណើននាំអង្ករចេញនេះ ត្រូវបានកត់ត្រា ក្នុងអត្រា ១៣៣,១៣ ភាគរយ នៅក្នុងខែសីហា និង ៦១,៧៨ភាគរយ នៅក្នុងខែកញ្ញា។

លោក Keerati Rushchano អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស (DFT) បានបញ្ជាក់ថា បើតាមសន្ទុះ នៃកំណើននាំអង្ករចេញនេះ លោករំពឹងទុកថា គោលដៅ នៃការនាំចេញអង្ករ ចំនួន៦លានតោនទៅកាន់ទីផ្សារពិភពលោក នឹងសម្រេចបាន នៅចុងឆ្នាំ២០២១នេះ។ រហូតមកដល់ពេលនេះ ថៃមានទីផ្សារ សម្រាប់ការនាំអង្ករចេញទៅកាន់បណ្ដាប្រទេសជាច្រើន រួមមាន ចិន អាហ្រិកខាងត្បូង យេមែន និងអ៊ីរ៉ាក់..ជាដើម។ ទីផ្សារនាំអង្ករចេញទាំងនេះ បានកើនឡើង ហើយការបញ្ជាទិញ ភាគច្រើនសម្រាប់អង្ករសម្រិត និងអង្ករសម្រូប។ កំណើននាំចេញអង្ករ នាពេលនេះ ក៏កើតឡើងចំពេលរូបិយប័ណ្ណថៃ បានធ្លាក់ថ្លៃ។ ករណីនេះ បានធ្វើឱ្យតម្លៃអង្ករ ជាពិសេស អង្ករសម្រិត និង អង្ករដំណើប បានកើនឡើងដល់កម្រិតមួយ ជិតតាមទាន់ការនាំចេញអង្កររបស់វៀតណាម និងឥណ្ឌា។

លោក Keerati Rushchano អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស (DFT) បានបន្ថែមថា DFT នឹងប្រជុំជាមួយនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត រួមមាន ឥណ្ឌូនេស៊ី បង់ក្លាដែស និងចិន…ជាដើម។ ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស (DFT) នឹងបង្កើនការលើកកម្ពស់ដល់ការផ្សព្វផ្សាយអង្ករថៃ ក្រោមគំនិតផ្ដួចផ្ដើម«គិតអង្ករ គិតដល់ថៃ» បន្ថែមទៀត។ ការផ្សព្វផ្សាយគំនិតខាងលើនេះ នឹងធ្វើឡើង តាមបណ្ដាញអ៊ិនធើណេត សម្រាប់កសាងទំនុកចិត្ត។ ចំណែកឯកអគ្គរាជទូតពាណិជ្ជកម្មនានា នឹងផ្សព្វផ្សាយពីអង្ករថៃ ក្រោមគំនិតនេះ នៅទូទាំងពិភពលោក។

សូមជម្រាបថា រហូតមកដល់ពេលនេះ ឥណ្ឌា ក្លាយជាប្រទេសនាំអង្ករចេញទៅកាន់ទីផ្សារពិភពលោកច្រើនជាងគេបំផុត ហើយវៀតណាម បានដណ្ដើមលំដាប់លេខ២ ពីប្រទេសថៃ កាលពីឆ្នាំកន្លងទៅ ធ្វើឲ្យព្រះរាជាណាចក្រអាស៊ានមួយនេះ ធ្លាក់មកចំណាត់ថ្នាក់លេខ៣។ បច្ចុប្បន្ន ថៃកំពុងតែប្រឹងប្រែង ប្រកួតប្រជែងដណ្ដើមយកលេខ២ ពីប្រទេសវៀតណាម មកវិញ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×