រដ្ឋធានីកាប៊ូល ៖ ស្រ្ដីម្នាក់ជាអ្នកកាសែត និងជាសកម្មជនសិទ្ធិមនុស្សលេចធ្លោ នៅអាហ្វហ្គានីស្ថាន បានអះអាងថា តាលីបង់ នឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីការបត់បែន តាមការទាមទាររបស់ស្ត្រីអាហ្វហ្គានីស្ថាន ប្រសិនបើពួកគេចង់មានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានា នៅលើពិភពលោក ហើយស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៤ ខែកញ្ញា ឆ្នាំ២០២១)។

លោកស្រី ម៉ាហ៍បួបា ស៊ែរ៉ាច (Mahbouba Seraj) វ័យ៧៣ឆ្នាំ ជាអ្នកកាសែត និងជាសកម្មជនសិទ្ធិមនុស្សលេចធ្លោមួយរួប បានសម្រេចចិត្ត មិនរត់គេចចេញពីផ្ទះរបស់លោកស្រី នៅរដ្ឋធានីកាប៊ូល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ខណៈតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបានមនុស្សទូទៅ ចាត់ទុកថា«សុបិនដ៏អាក្រក់ កំពុងតែវិលមករកពលរដ្ឋអាហ្វហ្គានីស្ថានហើយ»។
ក្រោយពេលដណ្ដើមអំណាចបានភ្លាម អាជ្ញាធរតាលីបង់ បានដកហូតនូវសិទ្ធិ និងសេរីភាពរបស់ស្រ្តីអាហ្វហ្គានីស្ថាន ជាបន្តបន្ទាប់ ដោយបានប្រាប់ដល់ស្ត្រី ឱ្យស្នាក់នៅតែក្នុងផ្ទះ និង មិនឱ្យបង្ហាញមុខ នៅក្នុងជួររដ្ឋាភិបាលឡើយ។ តាលីបង់បានអះអាងថា បម្រាមនេះ គ្រាន់តែធ្វើជាបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែពលរដ្ឋអាហ្វហ្គានីស្ថាន ពិតជាមិនទុកចិត្តដល់តាលីបង់នោះឡើយ ហើយពលរដ្ឋទាំងអស់ បាននឹកឃើញដល់របបគ្រប់គ្រងរបស់តាលីបង់ កាលពីអំឡុងឆ្នាំ១៩៩៦-២០០១ ធ្លាប់អនុវត្ដនូវទង្វើដ៏ព្រៃផ្សៃ មកលើពលរដ្ឋអាហ្វហ្គានីស្ថាន ជាពិសេសស្រ្ដីភេទ។

លោកស្រី Mahbouba Seraj បានបញ្ជាក់ថា «កាលពីមុន ពួកតាលីបង់ បានប្រើប្រាស់លេសដូចគ្នានេះដែរ។ តាលីបង់បា្រប់ថា «សូមរង់ចាំសិន យើងនឹងដោះស្រាយជូនអ្នក»។ យើងបានរង់ចាំ អស់រយៈពេល៦ឆ្នាំ ប៉ុន្ដែតាលីបង់មិនបានធ្វើតាមការសន្យារបស់ពួកគេឡើយ។ ដូច្នេះពលរដ្ឋអាហ្វហ្គានីស្ថាន លែងទុកចិត្តតាលីបង់ទៀតហើយ ជាពិសេស ស្ត្រីអាហ្វហ្គានីស្ថាន»។
លោកស្រី Mahbouba Seraj បានបន្ដថា «ស្ត្រីអាហ្វហ្គានីស្ថានជាច្រើនបានភ័យខ្លាចយ៉ាងខ្លាំង ខណៈចាកចេញពីផ្ទះរបស់ពួកគេ ព្រោះវាត្រូវប្រឈមមុខនឹងការយាយី ពីពួកតាលីបង់។ បច្ចុប្បន្ន តាលីបង់ នឹងត្រូវបង្ខំចិត្តកែប្រែ មិនអាចធ្វើអ្វីបាន ដូចកាលពីពួកគេគ្រប់គ្រងអំណាច នៅក្នុងអំឡុងទសវត្សរ៍៩០បានឡើយ ប្រសិនបើពួកគេចង់បន្តកាន់អំណាច។ អាហ្វហ្គានីស្ថាននាពេលនេះ ខុសគ្នាពីពេលមុន។ ខ្ញុំពិតជាជឿថា នឹងមានការផ្លាស់ប្តូរនឹងកើតឡើង ប្រសិនបើតាលីបង់ចង់មានទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា នៅលើពិភពលោក និងចង់ស្ដារសេដ្ឋកិច្ចជាតិឲ្យមានលំនឹងឡើងវិញ»៕ រក្សាសិទ្ធិដោយ៖សារាយSN




