រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា និងចិន កំពុងតែប្រឈមមុខដាក់គ្នា ជុំវិញជម្លោះព្រំដែន និង ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ទើប នាយករដ្ឋមន្រ្ដីឥណ្ឌា បាន និងកំពុងតែបង្កើនទំនាក់ទំនងការទូតរបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិក ហើយត្រូវបានគេមើលឃើញថា នេះជាសកម្មភាព សម្រាប់យកមហាអំណាចលោកខាងលិច មកធ្វើជាខ្នងបង្អែក ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។

សារព័ត៌មាន Business Standard បានចេញផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា កាលពីថ្ងៃទី២៣ ខែកញ្ញា បានរៀបរាប់ទៅកាន់លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិកថា ឥណ្ឌា និងអាមេរិក ជា«ដៃគូស្លា.ប់រស់»។ ប្រទេសទាំងពីរ មានតម្លៃប្រហាក់ប្រហែលគ្នា គិតពីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ហើយមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ កំពុងតែកើនឡើង។
លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ នៅក្នុងជំនួបទល់មុខគ្នាជាមួយនឹងលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងសេតវិមាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆាំ្ន២០២១ ថា ប្រទេសយើងទាំងពីរ បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ហើយយើងត្រូវតែពិភាក្សាគ្នា អំពីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំង២ និងផលប្រយោជន៍របស់ពិភពលោកផងដែរ។

សហរដ្ឋអាមេរិក ឥណ្ឌ ជប៉ុន និង អូស្រ្ដាលី បានបង្កើនកិច្ចព្រមព្រៀងសន្ដិសុខមួយ «Quad» ហើយត្រូវគេមើលឃើញថា នេះជាការកិច្ចព្រមព្រៀងសន្ដិសុខ និងជាយុទ្ធសាស្រ្ដ សម្រាប់ទប់ទល់នឹងចិន។ ចំណែកកិច្ចសហការ រវាងឥណ្ឌា-អាមេរិក នឹងមើលឃើញពីការរីកចម្រើនបន្ថែមទៀត នៅថ្ងៃខាងមុខ ខណៈលោកនាយករដ្ឋមន្រ្ដីឥណ្ឌា នឹងចូលរួមកិច្ចប្រជុំកំពូលខ្វាដ ( Quad) ដែលត្រូវបានរៀបចំឡើង ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ Quad នេះជាកិច្ចព្រមព្រៀងសន្ដិសុខយុទ្ធសាស្រ្ដមួយ ត្រូវបានបង្កើតឡើង ដោយសារសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ដ្រាលី។
កិច្ចព្រមព្រៀងខ្វាដនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្ដ សម្រាប់ទប់ទល់នឹងឥទ្ធិពលរបស់ចិន ក្រោមផែនការសេរីភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង អះអាង ពីដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយធនធានធម្មជាតិចម្រុះ និងពាណិជ្ជកម្មឆ្លងកាត់មានទំហំ៣លានលានដុល្លារសហរដ្ឋអាមេររិក ដែលភាគច្រើនបំផុត ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន៕ រក្សាសិទ្ធិដោយ៖សារាយSN








