Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋមីយ៉ាន់ម៉ាពេញ១ក្រុង រត់គេចពីការវាយប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាលយោធា និងក្រុមជីវពល

រដ្ឋធានីណៃពិដោរ ៖ ប្រជាជនរស់នៅពេញមួយទីក្រុងថាន់ត្លែន (Thantland) រដ្ឋឈិន (Chin) ប្រទេសមីយ៉ាន់ម៉ា កំពុងតែរត់គេចខ្លួន ចេញពីការវាយប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាម រវាងកងទ័ព នៃរបបសឹក និង កម្លាំងជីវពល ដែលប្រឆាំងការធ្វើរដ្ឋប្រហារយោធា។

សារព័ត៌មាន Intimes បានចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ថា កងទ័ពរបបយោធាមីយ៉ាន់ម៉ា (ឬភូមា) កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមជាមួយនឹងក្រុមចលនាប្រឆាំង នៅក្នុងទីក្រុង ថាន់ត្លាង (Thantland) រដ្ឋឈិន (Chin) ។ ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងទីក្រុងនេះ ក៏ត្រូវបានភ្លើងឆេះ ដោយសារការវាយប្រយុទ្ធគ្នា។ ចំណែកអ្នករស់នៅក្នុងទីក្រុង ជិត៨ ០០០នាក់ បានរត់ភៀសខ្លួន គេចចេញពីសង្គ្រាម ហើយអ្នកខ្លះបានរត់ទៅឆ្លងដែន ចូលទៅកាន់ប្រទេសឥណ្ឌា ដែលមានចំនួនកើនឡើង រាប់ពាន់នាក់។

បើតាមទីភ្នាក់ងារសារព័តមានរ៉យទ័រ បានឲ្យដឹងថា ការវាយប្រយុទ្ធគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្ដាលឲ្យផ្ទះចំនួន២០ខ្នង នៅក្នុងទីក្រុង Thantlang ត្រូវភ្លើងឆេះអស់។

លោក Salai Lian អ្នកនាំពាក្យ គណៈកម្មាធិការកិច្ចការបម្លាស់ទីលំនៅក្នុងទីក្រុង Thantlang ដែលជាអង្គការជួយដល់ប្រជាពលរដ្ឋបម្លាស់ទី បានអះអាងថា ពួកយោធារបបគ្រប់គ្រងមីយ៉ាន់ម៉ា បានចាប់ផ្ដើមបាញ់សំដៅទៅផ្ទះរបស់ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងនេះ បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ នាំគ្នារត់ភៀសខ្លួន។ ចំណែកមនុស្ស ៥ ៥០០នាក់ បានរត់ចេញពីមីយ៉ាន់ម៉ា ឆ្លងដែនចូលទៅដល់រដ្ឋ Mizoram ប្រទេសឥណ្ឌា។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងវិបត្ដិកាន់តែធ្ងន់ធរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង ដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន់ស៊ូជី ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយចាប់ឃុំខ្លួនលោកស្រី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

អំពើរដ្ឋប្រហារយោធា បានបង្កឲ្យមានការតវ៉ាប្រឆាំង ហើយពួកយោធាបានបង្ក្រាបយ៉ាងឃោរឃៅ ដោយបាញ់សម្លាប់ក្រុមអ្នកតវ៉ា អស់ជាង១០០០នាក់ និងចាប់ឃុំខ្លួនជាង៦ ០០០នាក់។ អំពើឃោរឃៅរបស់ពួកយោធា បានជំរុញឲ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមរដ្ឋនានា នៃប្រទេសមីយ៉ាន់ម៉ា បានងើបឡើងប្រឆាំង រហូតឈានដល់ការពើបប្រយុទ្ធគ្នាជាញឹកញាប់ជាមួយនឹងកងទ័ពរបស់របបយោធា។

ទោះជាយ៉ាងណា គេនៅមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នកបាត់បង់ជីវិត និង រងរបួស នៅក្នុងចំណោមភាគីជម្លោះប្រដាប់អាវុធទាំងនោះនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×